(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺមួយ ឆ្លើយតបនឹងការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានចោទប្រកាន់មិនត្រឹមត្រូវលើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាបានបញ្ជាឲ្យចាប់រាល់មុខសញ្ញាដែលចូលរួមទទួលដំណើរ លោក សម រង្ស៉ី ដោយមិនយល់មុខ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឱ្យសាធារណជន មានការយល់ច្រឡំលើការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង និងក្រសួងមហាផ្ទៃ ថាបានធ្វើការដោយឥតក្រែងរអែង និងមិនគោរពច្បាប់ទម្លាប់ជាធរមាន ក៏ដូចជាមានន័យថា កម្ពុជាមិនមែនជាប្រទេសប្រកាន់នីតិរដ្ឋ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មនុញ្ញកម្ពុជា ហើយក្នុងឋានៈនេះ សម្តេចតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»

ជាមួយគ្នានេះ ក្នុងនាមជាអ្នកទទួលខុសត្រូវលើស្ថាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវចៀសវាងដាច់ខាតដូវការប្រើប្រាស់អំពើហិង្សា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា ការផ្សាយខុសផ្សេងៗទៀត ដែលមិនគួរឲ្យជឿនោះ គឺវិទ្យុអាស៊ីសេរីនេះបាននិយាយថា៖ កងរាជអាវុធហត្ថស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។ នេះជាការចុះផ្សាយខុសស្រឡះ ហើយហាក់មានចេតនាមិនល្អមកលើសម្តេចក្រឡាហោម។ ម្យ៉ាងទៀតសូម្បីតែភូមិកំណើតរបស់សម្តេច ក៏វិទ្យុនេះមិនស្រាវជ្រាវឲ្យច្បាស់សិន សឹមផ្សាយទេ។ តាមពិតភូមិកំណើតរបស់ សម្តេចក្រឡាហោម ក៏ឈ្មោះភូមិអណ្តូងស្អាត (អណ្តូងបុរាណដែលមានទឹកថ្លាស្អាត) ពុំមាន ឈ្មោះភូមិអណ្តូងស្នាក ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែទទួចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិតតប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឲ្យសាធារណជន បានទទួលនូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍ដល់ សង្គមជាតិកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ៖