(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទីយោធភូមិភាគទី៥ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ (មិត្តរួមអាវុធយោធភូមិភាគទី៥) ចុះសួរសុខទុក្ខ នាយទាហានព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពរពី) ស្ថិតនៅខេត្តបាត់ដំបង ចំនួន៥នាក់។

នៅក្នុងឱកាស ដែលអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ចំពោះនាយទាហាន នាយទាហានរង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នាពេលនេះ បានបង្ហាញឲ្យឃើញ អំពីការយកចិត្តទុកដាក់ រវាងថ្នាក់លើនិងថ្នាក់ក្រោម ក៏ដូចជាបង្ហាញឲ្យឃើញ នូវការសាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់លំដាបថ្នាក់ ដល់នាយ និងពលទាហាន ដែលមានជំងឺសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ជាមួយគ្នានោះ ក៏ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាព សុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនទុកឲ្យកងកម្លាំងប្រដាប់អាវុធមួយណា ឈឺស្លាប់ដោយគ្មាន អ្នកមើលថែនោះទេ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថវិកាចំនួន១០លាន១សែន ដែលប្រមូលនាពេលនេះ គឺបានមកពីការចូលរួមចំណែកអំពីសំណាក់នាយ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងយោធភូមិភាគទី៥ ដែលមានក្នុងគ្រុបតេឡេក្រាម ដែលដាក់ឈ្មោះថា «មិត្តរួមអាវុធយោធភូមិភាគទី៥»។

លោកបន្ដថា គ្រុប «មិត្តរួមអាវុធយោធភូមិភាគទី៥» បង្កើតឡើងដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន គឺសំដៅឲ្យមានការចែករំលែក នូវថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា សម្រាប់ជួយសម្រាលបន្ទុកដល់មិត្តរួមអាវុធ ក្នុងយោធភូមិភាគទី៥ណាមួយ ដែលមានជំងឺឈឺស្កាត់ ហើយនាំយកថវិកាដែលបានចូលរួម ទាំងអស់គ្នាយកទៅជួយឧបត្ថម្ភផ្ទាល់តែម្ដង។

ជាក់ស្ដែងនៅសៀលល្ងាចនេះ លោកឧត្តមសេនីយ៍ទោ ក៏បានចុះទៅសួរសុខទុក្ខនាយទាហាននាយទាហានរង ដែលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ ចំនួន៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១៖ លោកឧត្តមសេនីយ៍ត្រី ប្រង សុធី នាយសេនាធិការរង យោធភូមិភាគទី៥ ដែលមានជំងឺធ្ងន់ធ្ងរ ទទួលបានថវិកាឧបត្ថម្ភចំនួន៧លាន៧សែនរៀល
២៖ ឧត្តមសេនីយ៍ត្រី តឹប ហូវ នាយករងសាលាពលទាហានទី៥ ទទួលបានថវិកាឧបត្ថម្ភចំនួន៥០ម៉ឺន
៣៖ វរសេនីយ៍ទោ សេង សុខា ជំនួយការ ការិយាល័យហិរញ្ញវត្ថុ ទទួលបានថវិកាឧបត្ថម្ភចំនួន៦០ម៉ឺន
៤៖ វរសេនីយ៍ត្រី ប៊ុន សុផល ជំនួយការ ការិយាល័យទី៥ ទទួលបានថវិកាចំនួន៦៥ម៉ឺន
៥៖ នាយចំណង់ យ៉ត ចាន់លី ជំនួយការលេខាធិការដ្ឋាន ទទួលបានថវិកាឧបត្ថម្ភចំនួន៦៥ម៉ឺន ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ជំនួសឲ្យលោកមេបញ្ជាការយោធភូមិភាគ ក៏ដូចជាក្រុមគ្រួសារ នាយទាហាន ដែលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យភូមិភាគទី៥ នាថ្ងៃនេះ សូមថ្លែងអំណរគុណ ដល់បងប្អូន សប្បុរសជន មិត្តរួមអាវុធនៅក្នុងគ្រុបទាំងអស់ ដែលបានចូលរួមនូវថវិកាផ្ទាល់ខ្លួន ក្នុងការជួយជ្រុំជ្រែងជួយដល់នាយ នាយទាហានរង ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ សង្ឃឹមជឿជាក់លើស្មារតីសាមគ្គីឯកភាព របស់បងប្អូនក្នុងគ្រុប ដើម្បីបន្តនិរន្តរភាពសម្រាប់ជួយដល់នាយទាហាន ដែលមានជំងឺសម្រាកព្យាបាល នៅថ្ងៃក្រោយទៀត។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ ក៏បានជូនពរ អស់លោក-លោកស្រី ឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕