(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង រដ្ឋបាលនឹងប្រារព្ធពិធីអភិសេករូបសំណាកព្រះនាងគង្គីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបាននូវ ការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរនៅតាមផ្លូវក្នុងតំបន់ជុំវិញបរិវេណទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់ពិធីត្រូវបានបញ្ចប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕