(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) នៃក្រសួងការពារជាតិអាមេរិក ទើបតែបានផ្តល់ការ អនុញ្ញាតចំពោះគម្រោងលក់កាំភ្លើងធំ Mk 45 ដែលសម្រាប់បំពាក់លើនាវាចម្បាំង ចំនួន១៣គ្រឿងក្នុងតម្លៃប្រមាណ១ពាន់លាន ដុល្លារទៅឲ្យប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
បច្ចុប្បន្នកាំភ្លើងធំ Mk 45 នេះ កំពុងត្រូវប្រើប្រាស់នៅលើនាវាពិឃាតប្រភេទ Arleigh Burke-class របស់យោធាជើងទឹកអាមេរិក ព្រមទាំងនៅលើនាវាចម្បាំងប្រភេទស្រដៀងគ្នារបស់បណ្តាប្រទេសដែលជាសមាជិកអង្គការ NATO។ នៅក្រៅអង្គការ NATO មាន តែប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដែលមានឱកាសបានប្រើប្រាស់កាំភ្លើងធំនាវាចម្បាំងទំនើបនេះ។ កាំភ្លើងធំ Mk 45 អាចបាញ់គ្រាប់ដែលមានល្បឿនលឿនខ្លាំង ហើយហោះបានចម្ងាយឆ្ងាយបំផុត២៤គីឡូម៉ែត្រ។
គួរជម្រាបថា ក្នុងកញ្ចប់កិច្ចព្រមព្រៀងទិញ-លក់សព្វាវុធខាងលើ ក៏មានរួមបញ្ចូលនូវ ការប្រគល់គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ និង គ្រឿងបន្លាស់ជាច្រើន ព្រមទាំងការហ្វឹកហាត់បណ្តុះបណ្តាល់ដល់ក្រុមនាវិកយោធាឥណ្ឌាផងដែរ។ ដោយឡែក ប៉ុន្មានថ្ងៃមុននេះ យោធាអាមេរិកនិងឥណ្ឌា ទើបតែរួមគ្នាចាប់ផ្តើមការសមយុទ្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅឯឈូងសមុទ្រ Bengal៕