(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ រកឃើញប័រខូចគុណភាពចំនួន៣៦កំប៉ុង ដែលដាក់តាំងលក់នៅក្នុងផ្សារ។

បើតាមលោក ផឹង និល ប្រធានកាំកុងត្រូលខេត្តស្វាយរៀង បានឱ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

លោក ផឹង និល បានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ជាច្រើនមុខ ក្នុងផ្សារកំពង់ត្រាចនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះមាន ប័រ ៣៦កំប៉ុង ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។

លោក ផឹង និល ក៏បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាល បរិច្ឆេទ ឱ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានចែកស្ទិចគ័រអប់រំសុវត្ថិភាព ម្ហូបអាហារដល់អាជីវករផ្សារកំពង់ត្រាច ម្នាក់មួយផងដែរ៕