(ភ្នំពេញ)៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីមហាអនុតំបន់មេគង្គលើកទី២៣ រដ្ឋមន្ត្រីមហាអនុតំបន់មេគង្គ បានធ្វើបច្ចុប្បន្នភាពលើក្របខ័ណ្ឌវិនិយោគ ក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០២២ ដែលក្នុងមានគម្រោងសរុបចំនួន២៥៥ ស្មើនឹងទឹកប្រាក់ប្រមាណ៩២ប៊ីលានដុល្លារ និងបានឯកភាពលើរបាយការណ៍វឌ្ឍនភាព និងការធ្វើបច្ចុប្បន្នភាពលើកទី២ នៃក្របខ័ណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គ។

សមិទ្ធផលនៃសន្និសីទ គួរឱ្យកត់សម្គាល់ផងដែរនោះ គឺយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសុខាភិបាល ក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០១៩-២០២៣ ដែលត្រូវបាន ដាក់ចេញជាផ្លូវការ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី២៣នេះ។ យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ នឹងផ្តល់ជាមូលដ្ឋានណែនាំសម្រាប់កិច្ចសហប្រតិបត្តិការរវាង ប្រទេសក្នុងការដោះស្រាយបញ្ហាសុខភាព ដែលគំរាមកំហែងដល់អនុតំបន់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សន្និសីទថ្នាក់រដ្ឋមន្ត្រីមហាអនុតំបន់មេគង្គលើកទី២៣ ដែលបានរៀបចំឡើងនាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីត្រា ក្រោមការដឹកនាំរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីមហាអនុតំបន់មេគង្គ និងលោក Ahmed M. Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB ។

សន្និសីទនេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក មហាអនុតំបន់មេគង្គទាំងអស់ និងធ្វើឡើងក្រោមមូលបទ «ការធ្វើសមាហរណកម្មកាន់តែប្រសើរ បរិយាប័ន្ននិងនិរន្តរភាព ក្នុងមហាអនុតំបន់មេគង្គ»

កិច្ចប្រជុំនេះក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍ដែលមកពី២០ស្ថាប័ន ហើយដៃគូអភិវឌ្ឍន៍បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះកម្មវិធីមហាអនុតំបន់មេគង្គ។ ក្រុមប្រឹក្សាធុរកិច្ចនៃមហាអនុតំបន់មេគង្គ ក៏បានចូលរួមក្នុងកម្មវិធីសន្និសីទលើកទី២៣នេះផងដែរ និងបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីពន្យល់អំពីគំនិត
ផ្តួចផ្តើមរបស់វិស័យឯកជន នៅក្នុងមហាអនុតំបន់មេគង្គ។

សន្និសីទថ្នាក់រដ្ឋមន្រ្តីមហាអនុតំបន់មេគង្គលើកទី២៣ ធ្វើឡើងក្នុងគោលបំណងធានារៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២១ និងមានកម្ពុជាជាម្ចាស់ផ្ទះ។

ក្នុងនោះសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃមហាអនុតំបន់មេគង្គ បានធ្វើការពិភាក្សា និងពិនិត្យឡើងវិញ លើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីរយៈពេលវែងនៃមហាអនុតំបន់មេគង្គ សម្រាប់ថ្នាក់ដឹកនាំ ធ្វើការពិចារណា និងអនុម័តទៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ រដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរ លើគោលបំណង និងខ្លឹមសារនៃកម្មវិធីស្រាវជ្រាវ ទូលំទូលាយថ្មីមួយដែលមានគោលដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រថ្មី នៃមហាអនុតំបន់មេគង្គ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទាំងអស់ក៏បានពិនិត្យលើវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីសន្និសីទថ្នាក់រដ្ឋមន្រ្តីមហាអនុតំបន់មេគង្គមុន ដែលក្នុងនោះមានវិស័យ សំខាន់ៗដូចជា ការដឹកជញ្ជូន ថាមពល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងកិច្ចសម្រួលការដឹកជញ្ជូន បរិស្ថាន និងសុខភាព។ តាមរយៈកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ អនុតំបន់មេគង្គទទួលបានគុណប្រយោជន៍ជាច្រើន តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកវិសាលភាព និងសន្តិសុខក្នុងវិស័យថាមពល និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងរយៈពេលជិត៣ទស្សវត្សរ៍កន្លងមកនេះ កម្មវិធីមហាអនុតំបន់មេគង្គបានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការកសាង និងកែលម្អផ្លូវថ្នល់ជាង ១១,០០០គីឡូម៉ែត្រ និងផ្លូវដែកជាង៥០០គីឡូម៉ែត្រ, ការសាងសង់ខ្សែបណ្តាញចែកចាយអគ្គិសនីប្រមាណ ៣,០០០ គីឡូម៉ែត្រ និងតម្លើងសមភាពផលិតថាមពលប្រមាណ១,៥៧០GWh ដែលអាចផ្គត់ផ្គង់ថាមពលដល់គ្រួសារប្រមាណជាង ២០០,០០០គ្រួសារ។ ដូចគ្នានេះដែរកម្មវិធីមហាអនុតំបន់មេគង្គ ក៏បានផ្តល់ជាជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់ការតភ្ជាប់ផ្នែករឹង និងទន់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការកែលម្អប្រព័ន្ធសុខាភិបាល និងការត្រួតពិនិត្យជំងឺឆ្លង, ការការពារជីវៈចម្រុះ និងបរិស្ថាន, និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម។

ជាទិសដៅបន្តប្រទេសជាសមាជិក កម្មវិធីមហាអនុតំបន់មេគង្គ បាននិងកំពុងធ្វើការពិចារណា និងដោះស្រាយបញ្ហាប្រឈម និងទាញយកកាលានុវត្តភាពក្នុងបរិការណ៍វិវត្តថ្មីៗ ក្នុងតំបន់និងសកលលោក និងអភិវឌ្ឍគម្រោងប្រកបដោយនវានុវត្តន៍កិច្ចខិតខំប្រឹងប្រែងនេះ រួមបញ្ចូលផងដែរ នូវការទទួលយកនូវបច្ចេកវិទ្យាទំនើបៗ និងការផ្តោតសំខាន់ខ្ពស់ លើការតភ្ជាប់ផ្នែកទន់ ដើម្បីធានានូវការត្រៀមខ្លួនរួចរាល់សម្រាប់ទំព័រសករាជនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕