(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ មានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។ កម្មវិធីគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

 * ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

លោកជំទាវ ហាក់ ចា ហាន់ បួន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល
ឯកឧត្តម ចូសេ ដី វីនេរ៉ូ (Jose De Venecia) ប្រធានស្ថាបនិក អាយខាប់ (ICAPP)
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី!

ថ្ងៃនេះខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកលដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ ។

ខ្ញុំសូមស្វាគមន៍និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តមលោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាននៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមថ្លែងអំណរគុណចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) ដែលជាសហស្ថាបនិកផ្ទាល់សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រកិច្ចប្រជុំពូលនេះហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោក ចូសេ ដី វីនេឦ (Jose de Venocia) ប្រធានស្ថាបនិកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) សមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព (IAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមសកល រួមមាន :សង្គ្រាមពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច សកម្មភាពវិទ្ធង្សនា សង្គ្រាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា ការប្រែប្រួលអាកាសធាតុ ភាពក្រីក្ររាំរ៉ៃ និងភេរវកម្មជ្រុលនិយមជាដើម ដែលបានគំរាមដល់សន្តិសុខវិបុលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុងតំបន់និងសកលលោកនិងអាចបំផ្លាញដល់វឌ្ឍនភាព ព្រមទាំងសមិទ្ធផលជាច្រើនឆ្នាំនៃការធ្វើសមាហរណកម្ម និងសកលភាវូបនីយកម្ម និងភាពសុខដុមរមនារបស់ប្រជាជន ។

ទន្ទឹមនេះ ទ្វីបអឺរ៉ុបដែលធ្លាប់តែមានភាពសុខសាន្តជាងគេលើសកលលោក ក៏កំពុងជួបប្រទះនូវវិបត្តិជាច្រើនដែលបណ្ណាលមកពីភាពតានតឹងផ្នែកនយោបាយ និងការធ្លាក់ចុះនូវទំនាក់ទំនងរវាងប្រទេសនឹងប្រទេស និងបញ្ហាប្រឈមសកលជាច្រើនទៀត ដែលបញ្ហាប្រឈមទាំងអស់នេះ ចាំបាច់ទាមទារឱ្យប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកបង្ហាញនូវឆន្ទៈរួមមួយដែលរឹងមាំ និងការឯកភាពគ្នាជាធ្លុងមួយ ដើម្បីនាំមកនូវសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជននៅក្នុងតំបន់ និងពិភពលោក។

អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្តិចអំពីបទពិសោធន៍កម្ពុជាកន្លងមក ដែលទាក់ទងនឹងប្រធានបទកិច្ចប្រជុំកំពូលថ្ងៃនេះគឺសន្តិភាពនិងការបង្រួបបង្រួមជាតិ ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយរហូត។

កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេស ពីការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ជាមួយនឹងការការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។ ខ្លួនខ្ញុំផ្ទាល់ក្រោយថ្ងៃរំដោះ ៧ មករា បានប្រមូលធនធានមនុស្សដែល សេសសល់ពីការកាប់សម្លាប់មានប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ហើយតាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះ» ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង។

ជាបន្តបន្ទាប់ ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសនៅឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូតហើយកត្តានេះ គឺជាមូលហេតុដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ជាមួយនឹងលក្ខខណ្ជាអាទិភាពសំខាន់ ៣ យ៉ាង គឺ

ទី១. ការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត ទី២. ការធានាថាបុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត
ទី៣• ការធានាការការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា ។

ការអនុវត្តដោយជោគជ័យនូវ «នយោបាយ ឈ្នះ-ឈ្នះ» នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ។ នេះ គឺជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬ ការជួយជ្រោមជ្រែងពីខាងក្រៅ។ ជាការពិតស្ថានភាពដូច្នេះពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេលជាង ៥០០ ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាពនិងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃ ព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

ជាការពិត កាលពីជាង ២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាង
ទៀងទាត់ សេរីនិងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយ
ជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ ។

បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២ ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០
%ក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សុខសន្តិភាពពិភពលោក តាមរយៈការបពានកងរក្សាសន្តិភាព និងក្រុមដោះមីន ទៅកាន់ប្រទេសនានាលើសកលលោកក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។

ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន សូមបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកលរួមមាន៖ ១. ភាពជ្រុលនិយមនិងចលនាជ្រុលនិយម ២. ការគាំពារនិយម និងឯកតានិយម ៣. ការប្រែប្រួលធាតុអាកាស ៤. ឧក្រិដ្ឋកម្មឆ្លងដែននិងការជួញដូរមនុស្ស ៥. ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និង ៦. វិសមភាព
សង្គម- សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។

ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តាឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍ច្បាប់ ដើម្បីបណ្តុះបណ្ហាលថ្នាលសង្គមមួយជាមួយនឹងចក្ខុវិស័យនិងទស្សនាទានថ្មីៗប្រកបដោយប្រសិទ្ធភាព
និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។

ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជា នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកមួយ ដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩- កម្ពុជា ជាផ្លូវការនាពេលនេះ ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិអន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខសេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕