(សាធារណរដ្ឋកូរ៉េ)៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានលើកឡើងថា ពួកគេត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរង់ចាំទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ពលករខ្មែរបាននាំគ្នាបង្ហោះវីដេអូ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ពួកខ្ញុំគ្រាន់តែលឺព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញមក (កូរ៉េខាងត្បូង) ពួកខ្ញុំពិតជារំភើបសប្បាយរីករាយមែនទែន។ ពួកយើងតាំងចិត្តរួចជាស្រេចថា នៅថ្ងៃទី២៤ ខែវិច្ឆិកា នឹងទៅចូលរួមអបអរសាទរ និងគាំទ្រសម្ដេច ដែលមានវត្តមាននៅលើទឹកដីកូរ៉េ»

គួរជម្រាបថា ចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន ដែលនឹងជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង គឺបញ្ជាក់អំពីការទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូបមិនថា ទៅធ្វើការ ឬទៅរស់នៅប្រទេសណានោះទេ ដើម្បីសម្ដេចបានជ្រាបច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕