(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ត្រូវចូលរួមលុបបំបាត់ការប្រើឧបករណ៍នេសាទខុសច្បាប់ ដើម្បីបង្កើនទីជម្រកត្រីឲ្យបានច្រើនកន្លែង ធ្វើយ៉ាងណាសម្រេចទិសដៅឲ្យបាន ១,២០០ស្រះ ក្នុងដំណាច់ឆ្នាំ២០១៩។

លោក ចេង ឡៃ បានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តពោធិ៍សាត់ មានស្រះជម្រកត្រីសហគមន៍ ៣៣កន្លែង រួចហើយ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ការអនុវត្តផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២ ដែលរៀបចំដោយអង្គការអភិវឌ្ឍន៍នារីខ្មែរ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្រោមជំនួយរបស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការវើលហ្វីសប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួម ១២០អង្គ/នាក់ និងតំណាងសហគមន៍ទាំង៣៣។

លោកស្រី ឡូវ សំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ បានថ្លែងថា សិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះ មានគោលបំណងចែករំលែក ឆ្លុះបញ្ចាំងអំពីលទ្ធផល បទពិសោធន៍ កែលម្អផែនការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ទាំង ៣៣កន្លែង និងធ្វើផែនការសកម្មភាពបន្តសម្រាប់អនុវត្តនៅឆ្នាំ២០២០ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ។

លោក ចេង ឡៃ បានថ្លែងថា ត្រីគឺជាអាហារពិសេស និងចាំបាច់សម្រាប់ប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ត្រីទាំងអស់នេះមាននៅតាមបឹងបួរ ស្ទឹង ព្រែក អូរ ស្រះ ត្រពាំង ពិសេសនៅក្នុងបឹងទន្លេសាបច្រើនជាងគេ។

ដោយសារតម្រូវការទទួលទានត្រី និងការនាំចេញទៅក្រៅប្រទេស គួបផ្សំជាមួយការប្រែប្រួលអាកាសធាតុ ធ្វើឲ្យរបបទឹកជំនន់មិនទៀងទាត់ បរិមាណទឹកបឹងទន្លេសាបក៏តិចតួចជាងឆ្នាំកន្លងមក ហើយសីតុណ្ហភាពទឹកក៏ក្តៅ ជាហេតុដែលនាំឲ្យប៉ះពាល់ដល់ការពងកូនរបស់ត្រី។
អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត ការលបលួចប្រើប្រាស់ឧបករណ៍ទំនើបខុសច្បាប់ ជាហេតុធ្វើបរិមាណត្រីនៅបឹងទន្លេសាប ក៏ដូចនៅតាមស្ទឹង បឹងបួរ អូរ ព្រែកមមានការបាត់បង់ និងថយចុះគួរឲ្យកត់សម្គាល់។

លោកបានថ្លែងបន្តថា ដើម្បីជួយសម្រួលដល់ការទទួលទានត្រីរបស់ប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាធ្វើឲ្យត្រីសម្បូរឡើងវិញនៅតាមវាលស្រែ ស្ទឹង បឹងបួរ ព្រែក ប្រឡាយ ត្រពាំង ស្រះ តាមរយៈការធ្វើឲ្យមានទីកន្លែងដែលជាទីជម្រកត្រីលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទំនើបខុសច្បាប់ ដោយចាត់ទុកជាភារកិច្ចទាំងអស់គ្នា មិនមែនតែផ្នែកជំនាញជលផលមួយនោះទេ៕