(ភ្នំពេញ)៖ ការប្រកួតសមត្ថភាពភាសាចិន «ពានរង្វាន់ជាងស៊ូ» នេះគឺជារឿងល្អមួយ ព្រោះថាកម្មវិធីនេះ គឺជាបង្អួចសម្រាប់បង្ហាញឱ្យនិស្សិតកម្ពុជា បានឃើញ និង ស្វែងយល់ពីខេត្តជាំងស៊ូ ក៏ដូចជាស្វែងយល់ពីប្រទេសចិន។

ស្របពេលនោះដែរ និស្សិតកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចសិក្សា នៅប្រទេសចិន ក៏អាចពាំនាំនូវ វប្បធម៌កម្ពុជាជូនប្រជាជនចិនផងដែរ។ ការផ្លាស់ប្តូរវប្បធម៌ គឺចាំបាច់ណាស់ហើយក៏មានន័យណាស់។ បន្ថែមពីលើនេះ ការប្រកួត «ពានរង្វាន់ជាំងស៊ូ» បានផ្តល់ឱកាសឱ្យយុវជនកម្ពុជា ពង្រឹងទំនាក់ទំនងកាន់តែស្អិតរមូតរវាងកម្ពុជា-ចិន។

នេះជាការលើកឡើងរបស់បណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតសមត្ថភាពភាសាចិន «ពានរង្វាន់ជាំងស៊ូ» លើកទី៩ និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំធ្វើនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

បណ្ឌិត ជូ ច័ន្ទដារី បានលើកឡើងថា និស្សិតទាំងអស់នាពេលបច្ចុប្បន្ននេះ គឺជាយុវជនដែលពោរពេញ ទៅដោយថាមពល បើធៀបនឹងសម័យកាលមុនៗ។ កម្ពុជា និងចិន តែងតែគោរពគ្នាទៅវិញទៅមក ចិនជាដៃគូសហការដ៏ល្អប្រសើរបំផុតរបស់កម្ពុជា។ ប្រទេសទាំងពីរមានភាពជិតស្និទ្ធ បានធ្វើឱ្យប្រជាជនប្រទេសទាំងពីរផ្សារភ្ជាប់គ្នា និងអភិវឌ្ឍរួមគ្នាជាធ្លុងមួយ។

លោកបន្តថា មិត្តភាពជាលក្ខណៈ ប្រពៃណីរវាងកម្ពុជា និងចិនមានជាច្រើនជំនាន់មកនេះបានផ្តល់ឱ្យយុវជនកម្ពុជានូវឱកាស ដ៏ធំទូលាយសម្រាប់ការអភិវឌ្ឍន៍ ហើយធនធានដែលចេះពីរភាសា គឺភាសាខ្មែរនិងភាសាចិន ក៏បានជួយជំរុញដល់ទំនាក់ទំនងប្រទេសយើងទាំងពីរផងដែរ។

កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងការស្វែងយល់ការសិក្សា ទើបថ្ងៃនេះវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវគ្គផ្តាច់ព្រ័ត្រការប្រកួតនិយាយភាសាចិនពានរង្វាន់ «ជាំងស៊ូ លើកទី៩» និង «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» ក្រោមប្រធានបទ «ជាំងស៊ូដ៏ស្រស់ត្រកាល សម្រេចក្តីសុបិនខ្ញុំ»។

កញ្ញា វុធ សុភ័ក្រណា បានបញ្ជាក់ថា រហូតមកដល់ឆ្នាំនេះ ពានរង្វាន់ «ជាំងស៊ូ» ត្រូវបានរៀបចំឡើងចំនួន ៩លើកមកហើយ «ពានរង្វាន់ជាំងស៊ូ» គឺជាវេទិកាមួយ ដែលបានទាក់ទាញនិស្សិតកម្ពុជាច្រើនឡើងៗក្នុងការស្វែងយល់ពីក្រុងជាំងស៊ូ និងវប្បធម៌ចិន។ មានពាក្យមួយឃ្លាបានលើកឡើងថា «ឋានលើ មានឋានសួគ៌ ឋានក្រោម មានក្រុងស៊ូចូវ និងក្រុងហាងចូវ ទឹកដីជាំងណានដ៏ស្រស់ត្រកាល» បានក្លាយជាគោលដៅដំណើរកម្សាន្តរបស់ប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ បណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកឡើងថា ការប្រកួតសមត្ថភាពនិយាយភាសាចិន «ពានរង្វាន់ជាងស៊ូ» ពិតជាសមស្រប នឹងតម្រូវការចាំបាច់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន ព្រមទាំងបានផ្តល់ឱកាសកាន់តែច្រើនឡើងដល់និស្សិត ដែលចូលចិត្តរៀន និងសិក្សាភាសាចិន នៅកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោកបន្តថា ជាការពិតណាស់ ប្អូនៗនិស្សិតទាំងអស់ គឺជាអ្នកបន្តវេននិងជាកម្លាំងចលករថ្មីសម្រាប់តភ្ជាប់ទំនាក់ទំនង នឹងជំរុញវឌ្ឍនភាពរវាងប្រទេសទាំងពីរ។

ចំណែក លោក ឡ័រ អ៊ីមីន ប្រធានក្រុមប្រឹក្សាមជ្ឈមមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិខេត្តជាំងស៊ូ បានលើកឡើងថា ពានរង្វាន់ «ជាំងស៊ូ» នេះ បានឆ្លុះបញ្ចាំង ឱ្យឃើញពី ភាពរួយរាយរាក់ទាក់នៃប្រជាជនខេត្តជាំងស៊ូ ចំពោះ ប្រជាជនទូទាំងពិភពលោក។ លោកសង្ឃឹមថា ឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ និងជួយលើកទឹកចិត្ត ដល់អ្នកសិក្សា ភាសាចិននៅកម្ពុជា សម្រេចក្តីសុបិន ព្រមទាំងជួយពង្រឹងនូវទំនាក់ទំនង និងកិច្ចសហការរវាងប្រជាជនកម្ពុជា-ចិន។

ក្រោយពីប្រកួតបានបញ្ចប់ បេក្ខភាពទាំង១៨ រូប មានអ្នកទទួលជ័យលាភីលេខ១ ចំនួន២រូប លេខ២ ចំនួន៤រូប និងលេខបី ចំនួន១២រូប។ បេក្ខភាពដែលបានជាប់លេខ១ និងលេខពីរ ទទួលបានការអញ្ជើញចូលរួមក្នុងការទស្សនកិច្ចសិក្សា នៅខេត្តជាំស៊ូ ចំនួន៨ថ្ងៃ ដែលត្រូវធ្វើដំណើរនៅអំឡុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

គួរបញ្ជាក់ថា ខេត្តជាំងស៊ូ ជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុត របស់ប្រទេសចិន ជាខេត្តដែលសំបូរទេសភាពស្រស់ត្រកាល សំបូរធនធានស្បៀង និងមច្ឆា មានប្រវត្តិសាស្រ្តពាន់ឆ្នាំ អន្តរវប្បធម៌។ ខេត្តជាំងស៊ូ មានសាកលវិទ្យាល័យល្បីឈ្មោះជាច្រើនផងដែរ។ ខេត្តជាំងស៊ូ ជាខេត្តដែលបើកចំហរយ៉ាងទូលំទូលាយ លើផ្នែកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងជាមួយបរទេស៕