(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទីរបស់សមាជិកឃុំ-សង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ គ្មានថ្ងៃទទួលបានមកវិញឡើយ ក្រោយគណបក្សរបស់ពួកគេត្រូវបានរំលាយចោល ដោយតុលាការកំពូល កាលពីឆ្នាំ២០១៧កន្លងទៅ។

សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មីនឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ខណៈការបោះឆ្នោតតំណាងរាស្ត្រ នឹងត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្ស សរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «មនុស្សមួយចំនួននៅតែបន្តគិតថា គេឲ្យធ្វើមេឃុំវិញ ឲ្យយើងធ្វើជំទប់ ឲ្យយើងធ្វើក្រុមប្រឹក្សា ហើយសងលុយយើង។ គេគិតតាំងពីថ្ងៃរំលាយខ្លួនទៅ រហូតដល់ពេលហ្នឹង ខ្លះបាន៩០លាន អ្នកខ្លះបានប៉ុណ្ណោះលាន ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថា បោះឆ្នោតឃុំសង្កាត់ ត្រូវធ្វើក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ [...] បោះឆ្នោតតំណាងរាស្ត្រ ត្រូវធ្វើនៅក្នុងខែកក្កដា ឆ្នាំ២០២៣»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីធ្លាយនូវភស្តុតាង ដែលគណបក្សនេះឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការបង្គាប់បញ្ជារបស់បរទេស ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ លោក កឹម សុខា អតីតប្រធានគណបក្សនេះ ដែលសារភាពអំពីការឃុបឃិតគ្នានេះ ក៏ត្រូវតុលាការឃុំខ្លួនផងដែរ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ បានចេញសេចក្តីជូនដំណឹងអំពីការសម្រេចបិទការ «ស៊ើបសួរលើសំណុំ» រឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិហើយ ពាក់ព័ន្ធនឹងបទល្មើស សន្ទិដ្ឋិភាពជាមួយបរទេស។ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅជំនុំជម្រះនាពេលខាងមុខ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការក្តីរបស់លោក កឹម សុខា មិនអាចប្រើរយៈពេលមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែនោះឡើយ គឺត្រូវប្រើរយៈពេលវែង។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «ការបន្ថូរបន្ថយលក្ខខណ្ឌមនុស្សម្នាក់ និងបិទការស៉ើបសួរ ដែលជានីតិវិធីរបស់តុលាការ ដំណើរការក្តីមួយនេះ គេមិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែទេ វាត្រូវប្រើរយៈពេលវែង។ រួចហើយមានអ្នកខ្លះថា បន្តិចទៀតគេលើកលែងទោសហើយ ព្រះមហាក្សត្រលើកលែងទោសហើយ។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់លើកលែង»