(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឱ្យទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ដែលបន្តបោកប្រាស់ប្រជាពលរដ្ឋថា សម្តេចជាអ្នកកែសំបុត្រយន្ត Thai Airways បណ្តាលឱ្យលោកខកខានមិនបានធ្វើដំណើរពីទីក្រុងបារីស ទៅកាន់ទីក្រុងបាងកក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដូចការសន្យា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អញ្ចឹងពិភពលោក ត្រូវប្រុងប្រយ័ត្នចំពោះ ហ៊ុន សែន ឬក្រុមបច្ចេកទេសរបស់ ហ៊ុន សែន ដែលអាច Hack ចូលទៅក្នុងកុំព្យូទ័ររបស់ Thai Airways។ បើ Hack ចូលទៅក្នុង Thai Airways បានហើយ ក៏អាច Hack ចូលទាំងអស់ មិនត្រឹមតែកែសំបុត្រយន្តហោះទេ ថ្ងៃក្រោយកែជើងលេខ នរណាផ្ទេរលុយប៉ុណ្ណា កែជើងលេខ គេផ្ទេរទៅតែ៥ពាន់ ដាក់៥ម៉ឺន»

សម្តេចបានបន្តថា៖ «ឱ្យតម្លៃ ហ៊ុន សែន ខ្ពស់ពេកទេដឹងរឿងរបស់ខ្លួនឯងសោះ ទម្លាក់លើ ហ៊ុន សែន ទៀត។ យើងគួរគិតជាមួយគ្នាកន្លែងនេះ អានេះកម្រិតខ្នាតអន្តរជាតិ គេហ៊ានធ្វើអញ្ចឹងចោទមកលើ ហ៊ុន សែន ចុះទម្រាំរឿងធម្មតាទៀតនោះ តើចោទ ហ៊ុន សែន ប៉ុណ្ណាទៅទៀត។ នេះជារឿងមួយអកុសលមែនទែន ហើយភូតនេះ គួរតែភូតឱ្យសមរម្យ»

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ លោក សម រង្ស៉ី បានរៀបចំខ្លួន ហោះហើរពីទីក្រុងបារីស ប្រទេសបារាំង មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីអនុវត្តផែនការរបស់ខ្លួន ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅពេលទៅដល់ព្រលានយន្តហោះក្រុងបារីស ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways មិនអនុញ្ញាតឱ្យ លោកឡើងយន្តហោះទេ ដោយបញ្ជាក់ថា លោកមិនមានឈ្មោះក្នុងបញ្ជីភ្ញៀវហោះហើរ សម្រាប់ថ្ងៃនោះ។

ក្រោយពេលមិនបានហោះទៅកាន់ទីក្រុងបាងកក លោក សម រង្ស៉ី បានប្រាប់ទៅអ្នកសារព័ត៌មានបរទេស ដែលលោកបានរៀបចំសម្រាប់សន្និសីទថា មានគេលួចកែសំបុត្រយន្តហោះរបស់លោក ធ្វើឱ្យលោក មិនអាចចូលទៅកាន់ប្រទេសថៃ។ មួយថ្ងៃក្រោយការអះអាងនេះ លោក សម រង្ស៉ី បានបង្ហោះសារចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកលួចដូរសំបុត្រយន្តហោះរបស់លោក។

លោក សម រង្ស៉ី បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «រកមុខឃើញហើយ ៖ ហ៊ុន សែន នៅពីក្រោយ អ្នកដែលបានទៅប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ឲ្យប្តូរសំបុត្រយន្តហោះរបស់ សម រង្ស៉ី ចេញពីទីក្រុងប៉ារីស ពីថ្ងៃ០៧ វិច្ឆិកា ទៅថ្ងៃ០៩ វិច្ឆិកាវិញ»

សម្តេចតេជោ ហ៊ុន សែន បានបន្តបកស្រាយថា ប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនយន្តហោះ មាន ការប្រយ័ត្នប្រយែងណាស់ មិនងាយនឹង Hack បាននោះទេ។ បើសិនជា សម្តេចពិតជា Hack បានដូចលោក សម រង្ស៉ី អះអាងនោះ ពិភពលោកទាំងមូល ត្រូវតែមានការប្រុងប្រយ័ត្នចំពោះសម្តេចផងដែរ។

សម្តេចបានបញ្ជាក់ថា៖ «យើងពិនិត្យមើល នេះក្របខណ្ឌអន្តរជាតិ ភាពម៉ឺងម៉ាត់ខាងបច្ចេកវិទ្យា ថ្នាក់ដល់យើងនៅភ្នំពេញ ឬខ្ញុំនៅភ្នំពេញ ឬនរណាក៏ដោយនៅប៉ារីសនោះ មិនអាចចូលទៅកែសំបុត្រយន្តហោះនោះបានទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការបោកប្រាស់របស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងការដូរសំបុត្រយន្តនោះនេះ ក៏មិនខុសអ្វីពីការភូតភូររបស់លោកកន្លងទៅ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលពេលនោះ លោក សម រង្ស៉ី ក៏បានចោទសម្តេចតេជោថា បន្លំសន្លឹកឆ្នោតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាលួចដូរសំបុត្រយន្តនោះនេះ សម្តេចចង់ឱ្យ អាកាសចរណ៍ថៃ បញ្ជាក់ឱ្យបានច្បាស់ដើម្បីបំភ្លឺជូនដល់សាធារណជន ថាតើសំបុត្រយន្តហោះរបស់ លោក សម រង្ស៉ី ពិតជាត្រូវបានគេ Hack ទៅប្តូរមែនឬយ៉ាងណា?៕