(ព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ពន្ធក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន បានណែនាំឱ្យក្រុមហ៊ុនទាំង៨ សាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវដាក់មន្ត្រីបច្ចេកទេសប្រចាំការនៅតាមការដ្ឋាននានា ដើម្បីដោះស្រាយផលប៉ះពាល់ បានទាន់ពេលវេលា និងត្រូវរួមគ្នាដោះជាកញ្ចប់ទើបការងារស្ថាបនាផ្លូវប្រព្រឹត្តទៅរលូនតាមការគ្រោងទុក។

លោកអភិបាលខេត្ត បានណែនាំដល់ក្រុមហ៊ុនទាំង៨នោះថា

*ទី១ ៖ ត្រូវផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបានលឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា
*ទី២ ៖ ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ
*ទី៣ ៖ ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់
*៤ ៖ ពិនិត្យបង្គោលជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ បានលឿន ព្រោះការស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ ជាគោលដៅទេសចរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើដោយត្រូវចំណាយទុនប្រមាណ ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះ គឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១៖ ប្រភេទមហាវិថី, ២៖វិថី និង៣៖ អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញ គឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាព តាមដងផ្លូវផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេល ក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុង ដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។

សម្តេចតេជោបានថ្លែងចាត់ទុក ការសាងសង់ផ្លូវទាំង៣៤ខ្សែ នៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មី នៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយ ក្រោយសាងសង់រួចរាល់ផ្លូវ ក្នុងក្រុងព្រះសីហនុ ក៏ទាក់ទាញប្រជាពលរដ្ឋ នៅខេត្តផ្សេងៗមកលេងក្រុងព្រះសីហនុ ដោយសារតែមានផ្លូវស្អាត និងអគារខ្ពស់ៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហ៊ានដាក់ទុនវិនិយោគមកលើខេត្តព្រះសីហនុនេះ ដោយសារមើលឃើញថា ខេត្តនេះនឹងផ្តល់ទុនដល់ប្រទេសជាតិវិញ សម្រាប់យកទៅអភិវឌ្ឍន៍ខេត្តផ្សេងៗទៀត។ សម្តេចបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគជាង១ពាន់លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ នៅខេត្តព្រះសីហនុ រាប់ទាំងគម្រោងផ្លូវ៣៤ខ្សែ ដែលត្រូវសាងសង់នៅថ្ងៃនេះ។

លោក គួច ចំរើន បានឲ្យដឹងថា ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាទីក្រុងទំនើប ដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕