(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ អ្នកការទូតចំនួន៦ប្រទេសរួមមាន អាមេរិក, អង់គ្លេស, ស៊ុយអែត, រុស្ស៊ី, តួកគី និងព្រុយណេនៅកម្ពុជា ដើម្បីចូលរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងវិស័យសន្តិសុខរវាងកម្ពុជា និងប្រទេសទាំងនេះ។

ការប្រកួតមិត្តភាពនេះធ្វើឡើងនារសៀលថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោកបណ្ឌិត ឌុច ដារិន្ទ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាប្រធានក្រុមបាល់ទាត់ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ធាននគរបាលជាតិ ដោយមានការចូលរួមពីលោក Cashel Gleeson អនុប្រធានបេសកកម្មអង់គ្លេស, លោក Samuel Hurtig អនុប្រធានបេសកកម្មស៊ុយអែត, លោកស្រី Gulay Rignault អនុប្រធានបេសកកម្មតួកគីប្រចាំនៅកម្ពុជា និងអ្នកការទូតអាមេរិក, រុស្សី, តួគី និងព្រុយណេ។

នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំកម្ពុជា តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែឧបត្ថម្ភ និងគាំទ្រការប្រកួតបាល់ទាត់មិត្តភាពនេះ និងបានចូលរួមជាកិត្តយសដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ។

លោកបណ្ឌិតឌុច ដារិន្ទ បានបញ្ជាក់ថា «ក្រុមកីឡាករ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំព្យាយាមហ្វឹកហាត់អស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់ អ្នកការទូតអន្តរជាតិ ក៏ព្រោះតែកីឡាករមួយចំនួនមកពីអង់គ្លេសអាមេរិក និងអឺរ៉ុបមានសមត្ថភាពខ្ពស់ បូករួមនឹងកាយសម្បទារឹងមាំ និងមានបច្ចេកទេសល្អក្នុងការប្រកួត»

លោកបណ្ឌិតរូបនេះបន្តថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ធ្វើឡើងដើម្បីថែរក្សាសុខភាពបានល្អ និងជាកោសិកាដ៏តូចមួយក្នុងការជួយបង្កើនមិត្តភាព បន្តពង្រឹង និងពង្រីកទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការការងារសន្តិសុខរបស់ក្រុម HOTLINE នៃអគ្គស្នងការនគរបាលជាតិ ជាមួយនឹងសហរដ្ឋអាមេរិក, ចិន, អង់គ្លេស, ស៊ុយអែត, រុស្ស៊ី, តួកគី និងបណ្តាប្រទេសផ្សេងៗ។

សូមជម្រាបជូនថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ ធ្វើឡើងជាច្រើនដងមកហើយ ថែមទាំងប្រព្រឹត្តទៅដោយរលូន និងបរិយាកាសរីករាយរវាងកម្ពុជា ជាមួយនឹងមិត្តនៃបណ្តាប្រទេសដទៃ៕