(អេហ្ស៉ីប)៖ ស្ថានទូតកម្ពុជា​ប្រចាំប្រទេសអេហ្សុីប​ បានរៀបចំស្តង់ដាក់តាំងពិព័រណ៍ផលិតផលកម្ពុជា​ ដែលមានការរៀបចំដោយសមាគមភរិយាមន្ត្រីការទូតអាសុីនៅទីក្រុងគែរ​ នៅសណ្ឋាគារ​ Conrad Cairo Hotel នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ថានទូតបាននាំយកផលិតផលខ្មែរសំខាន់ៗមួយចំនួនមកដាក់តាំងក្នុងពិព័រណ៍នេះផងដែរ​រួមមាន​ ម្រេចកំពត​ គ្រាប់ស្វាយចន្ទីកំពង់ចាម​ កាហ្វេមណ្ឌលគីរី​ គ្រឿងវត្ថុអនុស្សាវរីយ៍ធ្វេីពីប្រាក់​ និងផលិតផលសូត្រខ្មែរជាច្រេីនទៀត ព្រមទាំងដាក់បង្ហាញនូវម្ហូបខ្មែរផងដែរ។

នៅក្នុងពិព័រណ៍​នេះដែរ​ លោកស្រី Eman Salah Hasaballah ភរិយានាយករដ្ឋមន្ត្រីអេហ្សុីប​ និងភរិយារដ្ឋមន្ត្រីការបរទេសអេហ្សុីប​ បានផ្តល់កិត្តិយសចូលទស្សនាស្តង់កម្ពុជា​ និងសរសេីរការតុបតែងស្តង់របស់កម្ពុជា​ផងដែរ​ ជាពិសេសនោះ គឺលោកស្រីទាំងពីរសរសេីរមិនដាច់ពីមាត់ពីម្រេចកំពតកម្ពុជាផងដែរ។

ការតាំងពិព័រណ៍នេះ មានស្ថានតំណាងចំនួន២១ប្រទេសនៅតំបន់អាសុី​ និងអង្គការសង្គមសុីវិលមួយចំនួន​ និងមានការចូលរួមពីសំណាក់ភរិយាថ្នាក់ដឹកនាំអេហ្សុីប​ ក្រុមគ្រួសារមន្ត្រីការទូតទាំង​១៥៧​ ស្ថានតំណាងនៅអេហ្សុីប​ ក្រុមគ្រួសារអង្គការអន្តរជាតិ-ជាតិ​ និងប្រជាជនអេហ្សុីបទូទៅចំនួនប្រមាណ​ ១៤,០០០នាក់៕