(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានលើកឡើងថា គ្មានគណបក្សណារំដោះប្រជាជនចេញពីភ្លើងសង្គ្រាម និងកសាងសមិទ្ធផលនានា ក្រៅពីគណបក្សប្រជាជនកម្ពុជានោះឡើយ។

ការថ្លែងរបស់លោក ជា ពិសី ត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញរៀបចំពិធីក្រុងពាលី សាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទទឹង៦ម៉ែត្រ បណ្ដោយ១១ម៉ែត្រ កម្ពស់២ជាន់កន្លះប្រភេទ (E0-E1-E2) ដែលជាសមទ្ធិផលថ្មីមួយទៀត សម្រាប់ខណ្ឌឫស្សីកែវ។

ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា «គ្មានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានរំដោះប្រជាជនចេញពីភ្លើងសង្គ្រាម នៃបនប្រល័យពូជសាសន៍ តាំងពីបាទដៃទទេ ហើយនាំមកនូវសុខសន្តិភាពជូនជាតិកម្ពុជា ដោយកែប្រែមកជារបបរាជានិយម អាស្រ័យរដ្ឋធម្មនុញនៅឆ្នាំ១៩៩៣ ធ្វើឲ្យរាល់ការកសាងសមទ្ធិផលជាច្រើន បានកើតឡើងឥតគណនា នៃគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងឆ្នាំ១៩៩៨ ស្ថិតក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់អង្គព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ»៕