(ភ្នំពេញ)៖ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន បុគ្គលគ្រប់រូបត្រូវបានផ្ដល់ឲ្យនូវសិទ្ធិ និងសេរីភាពពេញលេញក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាការរស់នៅចិញ្ចឹមជិវិតប្រចាំថ្ងៃដោយគ្មាន​ការហាម​ឃាត់ឡើយ។ ប៉ុន្តែការប្រើប្រាស់នូវសិទ្ធិ សេរីភាពរបស់បុគ្គលម្នាក់ៗចាំបាច់ត្រូវតែស្ថិតក្រោមបញ្ញត្តិច្បាប់ ហើយការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនទៀតសោត​មិនត្រូវ​ធ្វើឲ្យ​ប៉ះពា​ល់ដ​ល់សិទ្ធិសេរីភាព​របស់​អ្នកដទៃ​ឡើយ។

ការធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់អ្នកដទៃ ដែលផ្ទុយនឹងច្បាប់អនុញ្ញាត នឹងត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួននោះនៅចំពោះមុខច្បាប់។ ជាការពិតណាស់​នៅ​ពេល​ដែ​លបុគ្គល​មួយទ​ទួលរងនូវកា​ររំ​លោភ​បំពាន ដែល​ធ្វើឲ្យប៉ះ​ពាល់​ដល់​សេរី​ភាព​បុគ្គល អ្នកប្រ​ព្រឹត្តនឹ​ងទទួល​ខុសត្រូ​វ​ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។

ប៉ុន្តែតើអំពើបែបណាខ្លះទៅ ដែលត្រូវបានកំណត់ថាជាការរំលោភបំពានមួយ ដែលប៉ះពាល់ដល់សេរីភាពបុគ្គល ? ហើយថាតើបុគ្គលដែលប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ ?

ដើម្បីស្វែងយល់ពីអំពើនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការប៉ះពាល់ដល់សេរីភាព» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

ពាក្យថាសេរីភាព គឺជាលទ្ធភាពរបស់មនុស្សដែលធ្វើអ្វីមួយស្របទៅតាមបំណងនិងចំណង់ចំណូលចិត្តរបស់គេឬអាចនិយាយ​បានថា​ជាលក្ខណៈមួ​យដែល​មនុស្សមិនត្រូវបានគេ​កំណត់​ព្រំដែន​ដោយ​លក្ខខណ្ឌ ឬការបង្ខិតបង្ខំណាមួយឡើយ។ ចំណែកឯវចនានុក្រមសម្ដេច ជួន ណាត បានសរសេរថា «សេរីភាព ជាអំណាចដែលធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតនៅក្រោមច្បាប់, អំណាចពេញទី (ប៉ុន្តែមានមាត្រាច្បាប់គោលដែរ)»

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏បានចែងពីចំណុចនេះផងដែរថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធានឬស្ថានភាពឯទៀត។ ការប្រើសិទ្ធិ​សេរីភាពផ្ទា​ល់ខ្លួនរបស់​បុគ្គល​ម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។

ជារួមសេរីភាពជាការប្រើប្រាស់អំណាចពេញទីរបស់បុគ្គលគ្រប់រូប ប៉ុន្តែមិនអាចប្រើដោយហួសព្រំដែនច្បាប់ ដែលអាចនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយឡើយ បើពុំដូចនោះទេអ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាក៏បានកំណត់យ៉ាងច្បាស់លាស់អំពីសញ្ញាណមួយចំនួន ពាក់ព័ន្ធនឹងអំពើដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃផងដែរ ដែលមានបញ្ញត្តិក្នុងជំពូកទី៥ ស្ដីអំពី «ការប៉ះពាល់ដល់សេរីភាព»

នៅក្នុងជំពូកទី៥នៃក្រមព្រហ្មទណ្ឌនេះបានបង្ហាញពីបទល្មើសចំនួនពីរដែលមានលក្ខណៈជាការប៉ះពាល់ដល់សេរីភាពអ្នកដទៃ ដែលទី១ គឺបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលបញ្ញត្តិក្នុងមាត្រា២៥៣ ថា បុគ្គលដែលចាប់ ដែលឃុំឃាំង ដែលបង្ខាំងបុគ្គលផ្សេងទៀតដែលគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស៖

១/ ដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ។
២/ ដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំទៅ ៥ (ប្រាំ ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលតិចជាង ៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង ១ (មួយ) ខែ ។
៣/ ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំង មានរយៈពេលស្មើ ឬលើសពី ១ (មួយ) ខែ ។

បទល្មើសមួយទៀតនោះគឺ បទដណ្ដើមកាន់កាប់មធ្យោបាយដឹកជញ្ជូន ដែលបានបញ្ញត្តិក្នុងមាត្រា២៥៦ ថា៖ «អំពើដណ្ដើមយក ឬត្រួតត្រាលើមធ្យោបាយដឹកជញ្ជូន ដែលមានបុគ្គលច្រើនរូបជិះក្នុងនោះ ដោយហិង្សា ឬដោយគំរាមកំហែងថានឹងប្រើហិង្សា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»

មិនតែប៉ុណ្ណោះ ការផ្តន្ទាទោសចំពោះបទល្មើសទាំងពីរខាងលើនេះ នឹងត្រូវបន្ថែមកាន់តែធ្ងន់ជាងមុន បើគេរកឃើញថា ការប្រព្រឹត្តបទល្មើសទាំងពីរខាងលើនេះមានស្ថានទម្ងន់ទោស ។

សរុបមក សេរីភាពគ្រប់រូបបុគ្គលសុទ្ធតែត្រូវបានផ្ដល់ឲ្យយ៉ាងពេញលេញ និងស្ថិតក្រោមការការពារពីច្បាប់ដែលជាគោលការណ៍​ច្បាប់មិនអាចអ​នុញ្ញាតឲ្យ​បុ​គ្គលណាម្នាក់ប្រព្រឹ​ត្តនូវ​អំពើ​ណាមួយដែល​ធ្វើឲ្យប៉ះពាល់​ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ ។

ការបញ្ញត្តិច្បាប់ដើម្បីផ្តន្ទាទោសចំពោះការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកដទៃនេះ ពិតជាវិធានមួយដ៏សំខាន់ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយការគោរព ការឲ្យតម្លៃគ្នាទៅវិញទៅមករវាងគ្នា និងគ្នា។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕