(ភ្នំពេញ)៖ ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ ជូនកម្មករ-និយោជិត ក្នុងឆ្នាំ២០២០។

ការវាយតម្លៃនេះ ធ្វើឡើងតាមរយៈការសិក្សារបស់ស្ថាប័ន ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ប្រទេសកម្ពុជា ទំនងជានឹងមានការដំឡើងប្រាក់ខែក្នុងអត្រា ៤.២% ក្នុងឆ្នាំ២០២០ កើនពី៣.៨% ក្នុងឆ្នាំ២០១៩។

របាយការណ៍របស់ ECA International ត្រូវបានស្ថាប័នព័ត៌មានល្បីៗរបស់បរទេសរួមមាន៖ Bangkok Post, Business Insider ជាដើមចុះផ្សាយជាបន្តបន្ទាប់។

ប្រទេសទី១ ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ គឺប្រទេសឥណ្ឌា មានអត្រាដំឡើង៥.៤%, លំដាប់ទី២ គឺប្រទេសវៀតណាម ក្នុងអត្រា៥.១%, លំដាប់ទី៣ គឺប្រទេសឥណ្ឌូនេស៊ី មានអត្រា៤.៦%, បន្ទាប់មកគឺប្រទេសកម្ពុជា និងតាមពីក្រោយដោយប្រទេសថៃ។

សូមជម្រាបថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត នៅកម្ពុជា ឆ្នាំ២០២០ បានឡើងដល់ចំនួន១៩០ដុល្លារ ពោលគឺកើតឡើងពី១៨២ដុល្លារ ក្នុងឆ្នាំ២០១៩។

លោក សោម អូន អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានកម្មករ និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២០ ឡើងដល់ចំនួន១៩០ដុល្លារ ក្នុង១ខែ គឺស្មើនឹងប្រាក់ឈ្នួលអប្បបរមាតំបន់ខ្ពស់បំផុត នៅប្រទេសវៀតណាម។

លោក សោម អូន ក៏បានចែករំលែកនូវតារាងប្រាក់ឈ្នួលអប្បបរមាកម្មករ របស់ប្រទេសមួយចំនួន ដែលកំពុងតែមានសក្តានុពលប្រកួតប្រជែង ជាមួយប្រទេសកម្ពុជា៖ ស្រីលង្គកា៧១ដុល្លារ, ឥណ្ឌាទាបបំផុត១២១ដុល្លារ និងខ្ពស់បំផុត១៥០ដុល្លារ, បង់ក្លាដេស៩៦ដុល្លារ, ឥណ្ឌូនេស៊ី ទាបបំផុត១០៩ដុល្លារ និងខ្ពស់បំផុត២៧២ដុល្លារ, ភូមា១០៨ដុល្លារ, ហ្វីលីពីន ទាបបំផុត១៣៥ និងខ្ពស់បំផុត២៦៥ដុល្លារ, ឡាវ១៣៣ដុល្លារ, ប៉ាគីស្ថាន១៣៦ដុល្លារ, ចិន ទាបបំផុត១៥៩ដុល្លារ និងខ្ពស់បំផុត ៣៦៥ដុល្លារ, កម្ពុជា១៨២ដុល្លារ (២០១៩) និង១៩០ដុល្លារ (២០២០), វៀតណាម ចែកជា៤តំបន់ សម្រាប់ឆ្នាំ២០២០៖ តំបន់១ ចំនួន១៩០ដុល្លារ, តំបន់២ ចំនួន១៦៨ដុល្លារ, តំបន់៣ ចំនួន១៤៣ដុល្លារ និងតំបន់៤ ចំនួន១៣២ដុល្លារ៕