(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញវីដេអូខ្លីមួយ ស្តីពីលទ្ធផលរួមនៃសន្និសីទប្រចាំឆ្នាំ របស់សមាគមរដ្ឋបាលសារពើពន្ធ (CATA) លើកទី៤០ នៅប្រទេសម៉ាឡេស៊ី ដែលលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ទៅចូលរួមសន្និសីទដ៏មានសារសំខាន់នេះ។

គួរជម្រាបថា ចាប់ពីថ្ងៃចន្ទ-ព្រហស្បតិ៍ ទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ នៃប្រទេសម៉ាឡេស៊ី (Inland Revenue Board of Malaysia) លោក គង់ វិបុល បានដឹកនាំប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៤០ របស់ CATA (40th Commonwealth Association of Tax Administrators Annual Technical Conference) ក្រោមប្រធានបទ «វិធានការឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល និងឌីជីថលភាវូបនីយកម្ម ក្នុងការប្រមូលចំណូល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (Addressing the Shadow Economy and Digitalization in Securing Revenue for Sustainable Development)” ដែលបានប្រព្រឹត្តទៅ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ីដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយភាពជោគជ័យ។

សន្និសីទត្រូវបានរៀបចំបើកក្រោមអធីបតីភាពរបស់លោក LIM GUAN ENG រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី និងមានប្រទេសជាសមាជិកចូលរួមចំនួន ២៦ប្រទេស មកពីបណ្តាទ្វីបអាស៊ី, អ៊ឺរ៉ុប, អាហ្រ្វិក, អាមេរិកទ្បាទីន ជាដើម ហើយអគ្គនាយកដ្ឋានពន្ធដារកម្ពុជាត្រូវបានអញ្ជើញក្នុងឋានៈជាភ្ញៀវកិត្តិយស។

សន្និសីទប្រចាំឆ្នាំ CATA លើកទី៤០ បានប្រព្រឹត្តទៅយ៉ាងសកម្ម និងមានរៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពីបណ្តាប្រទេសនីមួយៗយ៉ាងផុលផុស លើប្រធានបទ០២សំខាន់ៗ ទី១៖ ឌីជីថលភាវូបនីយកម្មពន្ធដារ (Digitalization in Taxation) និង ទី២៖ សេដ្ឋកិច្ចស្រមោល (Shadow Economy - Issues and Challenges)។

សន្និសីទបានរៀបចំបែងចែកជាកិច្ចប្រជុំកម្រិត ប្រធានប្រតិភូ (Head of Delegates) និងកិច្ចប្រជុំកម្រិតក្រុមការងារបច្ចេកទេស (Syndicate Group Discussion) ដោយសម្រេចជោគជ័យនូវលទ្ធផលសំខាន់ៗ ការកំណត់នូវបញ្ហាប្រឈម ការដាក់ចេញអនុសាសន៍ និងវិធានការសម្រាប់អនុវត្តបន្តពាក់ព័ន្ធនឹងប្រធានបទនេះ។

ស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល ប្រទេសទាំងអស់បានឯកភាពគ្នាទទួលស្គាល់នូវបញ្ហាប្រឈមរួមគ្នា ដែលក្នុងនោះរួមមាន ចរន្តសកលក្នុងការផ្លាស់ប្តូរទម្រង់នៃធុរៈកិច្ចថ្មីៗ (Business Models), កង្វះខាតនៃការចែករំលែកព័ត៌មាន, ប្រព័ន្ធសន្តិសុខផ្នែកបច្ចេកវិទ្យាព័ត៌មាន (Cybersecurity), និងភាពស្មុគ្រស្មាញ ក្នុងការកំណត់ប្រភពចំណូលជាប់ពន្ធ ខណៈអ្នកផ្គត់ផ្គង់មិនមែនជានិវាសនជន ឬគ្រឹះស្ថានអចិន្ត្រៃយ៍ជាដើម (ឧទាហរហ៍ Offshore Digital Firm ជាដើម) ដែលទាំងនេះ សុទ្ធសឹងជាអ្វីដែលគ្រប់រដ្ឋបាលសារពើពន្ធ នៃបណ្តាប្រទេសលើពិភពលោកបាន និងកំពុងយកចិត្តទុកដាក់ និងរៀបចំនូវវិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា សម្រាប់សន្និសីទប្រចាំឆ្នាំ CATA លើទី ៤១ ឆ្នាំ២០២០ (41st Annual Technical Conference - CATA 2020) រដ្ឋបាលសារពើពន្ធនៃប្រទេស Cyprus (Cyprus Tax Department) នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទនេះ ដែលនឹងប្រព្រឹត្តទៅច្បាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕