(កំពង់ធំ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន បានបង្ហាញពីបទពិសោធន៍ និងគន្លឹះសំខាន់ៗតម្រង់ទិសក្នុងការសិក្សាដល់យុវជន និងសិស្សានុសិស្សដែលកំពុងរៀន នៅមធ្យមសិក្សា និងទៅបន្តរៀនថ្នាក់ឧត្តមសិក្សា នាពេលខាងមុខនេះ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជននៅសាលាគរុកោសល្យនិងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ហួ ឈិនគ្រី បានថ្លែងថា សិក្ខាសាលានេះ បានរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងមានការចូលរួមដោយមន្ទីរការងារ បានបើកសិក្ខាសាលានេះឡើងបានចំនួន ១១ខេត្តកន្លងមកហើយ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយព័ត៍មានសំខាន់ៗ ដល់យុវជន ជាពិសេសដល់សិស្សានុសិស្សរៀននៅកម្រិតមធ្យមសិក្សា គឺសំដៅធ្វើយ៉ាងណា ឲ្យពួកគេកំណត់ឲ្យបានច្បាស់លាស់ អំពីផែនក្នុងការសិក្សា និងការរៀបចំខ្លួនទៅថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបាននូវភាពជោគជ័យ សម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។

លោកថា ក្នុងបរិបទដែលសកលលោកទាំងមូលកំពុងតែផ្តោតការយកចិត្តទុកដាក់លើផលិតកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងត្រូវទាមទាឲ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ព្រោះវាជាភារកិច្ចរបស់យុវជនយើងទាំងអស់គ្នា ជាពិសេសស្ថាប័នទទួលបន្ទុកការងារយុវជនក្នុងការបណ្តុះបណ្តាលយុវជន យើងឲ្យមានសមត្ថភាពពិតប្រាកដ។

ដើម្បីបំពេញតម្រូវការតាមការវិវត្តសកលភាវូបនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកក្តាចម្បងក្នុងការរួមចំណែក កសាងប្រទេសជាតិ មាតុភូមិឲ្យបានរីកចម្រើន ហើយឈានទៅអភិវឌ្ឍធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព បច្ចេកទេស ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសមត្ថភាព បានកំណត់នូវជំនាញបីប្រភេទសំខាន់ៗ ទាំងអស់ដែលយុវជនយើងត្រូវការចាំបាច់បំផុត។

ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្នខេត្តកំពង់ធំ មានអគារសិក្សាសរុបចំនួន ១២២២ខ្នង គឺស្មើរនិង៥១០១បន្ទប់ ក្នុងនោះមានអគារសាង់សង់អំពីថ្ម ចំនួន៨៩១ខ្នង ស្មើ៣៩២៥បន្ទប់ អគារសាង់អំពីឈើ មាន១៣៤ខ្នង ស្មើនិង២០៥បន្ទប់ អគារអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៩៧ខ្នង ស្មើរនិង៩៧៧បន្ទប់ មានសាលាមតេយ្យសិក្សា ចំនួន២០៤កន្លែង សាលាបឋមសិក្សា៤៨៧សាលា អនុវិទ្យាល័យចំនួន៦៧សាលា និងវិទ្យាល័យចំនួន២៥សាលា។

ក្នុងនោះមានបុគ្គលិកអប់រំសរុប ៥២៨១នាក់ គ្រូបង្រៀនមតេយ្យសិក្សា១៩៧នាក់ គ្រូបង្រៀនថ្នាក់បឋមសិក្សា ២៤៣២នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋាន២០១២នាក់ គ្រូបង្រៀនកម្រិតឧត្តម ៦៣១នាក់ គ្រូមធ្យមសិក្សាបច្ចេកទេស០២នាក់ និងគ្រូ អធិការប្រព័ន្ធថ្មី ចំនួន០៤នាក់៕