(ភ្នំពេញ)៖ ក្នុងសម័យឌីជីថលនេះ ប្រសិនបើអ្នកលក់តាមអនឡាញមិនយល់ដឹងពីច្បាប់ ឬមិនចេះធ្វើទីផ្សារបណ្ដាញនោះទេ ច្បាស់ជាចាញ់បោកគេតៗគ្នា ឬអាចប្រឈមនឹងច្បាប់ថែមទៀតផង ប៉ុន្តែបញ្ហានេះប្រាកដជាមានដំណោះស្រាយ ដោយគ្រាន់តែរកកន្លែងបណ្ដុះបណ្ដាលស្របច្បាប់មួយ ពួកគាត់នឹងទទួលបានមកវិញនូវកំណប់ទ្រព្យដ៏មហាសាល។

ទាំងអស់នេះ គឺជាសាររបស់លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលតែងតែក្រើនរំឭកជារឿយៗ ទៅដល់អ្នកលក់តាមអនឡាញ ក៏ដូចជាអ្នកធ្វើទីផ្សារបណ្ដាញនានា ហើយក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈធុរកិច្ចទីផ្សារបណ្ដាញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកបានបង្ហាញសារជាច្រើនទៅដល់ជនទាំងឡាយ ដែលពាក់ព័ន្ធនឹងធុរកិច្ចទីផ្សារបណ្ដាញនេះ។

ទស្សនទានដំបូងដែលលោក ឡី សុភាព លើកឡើងនោះគឺ «ប្រទេសមានសន្តិភាព មានអ្នកដឹកនាំខ្លាំងពូកែ ហើយស្របនឹងបរិបទបដិវត្តឧស្សាហកម្ម ៤.០ នេះផងនោះ គឺមានតែការធ្វើទីផ្សារបណ្ដាញទេ ដែលអាចជួយប្រជាជនដែលមានដើមទុនតិចតួចអាចធ្វើអាជីវកម្មបាន»

ប៉ុន្តែកន្លងមក អ្នកទាំងអស់នេះច្រើនតែមិនបានយល់ច្បាស់អំពីនីតិវិធីច្បាប់ បទបញ្ញត្តិ ក៏ដូចជាចំណេះដឹងនានា ដូចជា ការចុះបញ្ជី ពាណិជ្ជនាម ពាណិជ្ជសញ្ញា ការស្នើសុំអាជ្ញាបណ្ណ ដែលនាំទៅដល់ការចាញ់បោកគេតៗគ្នា។

លោកថា «ក្នុងដំណើការទីផ្សារបណ្ដាញ ជនខិលខូចទាំងនោះបានបោកប្រាស់ប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញជាហូរហែ ដូចជាការលក់និងចែកចាយផលិតផលក្លែងក្លាយ ខណៈដែលប្រជាពលរដ្ឋ និងអ្នកចែកចាយបន្តក៏គ្មានចំណេះដឹង និងវិជ្ជាជីវៈគ្រប់គ្រាន់ ដូចជាមិនសូវយល់ដឹងពីច្បាប់ ផលប៉ះពាល់នានាជាដើម»

លោកបានព្រមានថា ប្រសិនបើពួកគាត់មិនបានដឹងអំពីច្បាប់ និងចាញ់បោកគេ គឺមានបញ្ហាច្រើនណាស់ ដូចជាប្រឈមចំពោះមុខច្បាប់ ខាតបង់ថវិកា ពេលវេលា បង្កវិប្បត្តិសង្គមជាដើម។

ដូច្នេះហើយបានជាលោកអំពាវនាវយ៉ាងទទូចដល់អ្នកប្រកបអាជីវកម្មធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ត្រូវមកទទួលការបណ្ដុះបណ្ដាល ដើម្បីយកចំណេះដឹងទៅប្រើប្រាស់ក្នុងការប្រកបអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិតលើកឡើងទៀតថា ប្រសិនបើប្រជាពលរដ្ឋដែលចេះប្រកបអាជីវកម្មមានកំណើនខ្ពស់ ប្រជាពលរដ្ឋមានការងារធ្វើ បញ្ហាចំណាកស្រុកក៏មានធ្លាក់ចុះ ចំណូលសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ប្រទេសជាតិទាំងមូលក៏មានការកើនឡើន។

លោក ឡី សុភាព បានបន្តថា ការបណ្ដុះបណ្ដាលនេះ ក៏បានធ្វើឡើងដោយស្របទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ព្រមទាំងគោលនយោបាយជាតិសិក្សាពេញមួយជីវិត។

សូមជម្រាបថា វគ្គបណ្ដុះថ្មីនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ប៉ុន្តែនឹងមានការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ក្នុងកម្រិតវិជ្ជាជីវៈបឋមដែលមានរយៈពេល ៦ខែ សិក្ខាកាមនឹងទទួលបានចំណេះដឹងអំពីនីតិវិធីច្បាស់ ពោលគឺជួយបង្រៀន ជួយប្រឹក្សាយោបល់ ជួយការពារផ្លូវច្បាប់ ក្នុងករណីខ្វះទុនប្រកបអាជីវកម្មសមាជិកសមាគមក៏នឹងជួយដោះស្រាយផងដែរ គឺធ្វើការជាក្រុមប្រកបដោយសាមគ្គីភាព ភាតរភាព វឌ្ឍនភាព។

ខណៈចំនួនអ្នកទទួលបានការបណ្ដុះបណ្ដាលផ្នែកទីផ្សារបណ្ដាញនេះនៅមានតិចតូចនៅឡើយ លោកបណ្ឌិត ឡី សុភាព នឹងពុះពារសម្រេចការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋ ដែលជាសិក្ខាកាមឱ្យបានប្រមាណពី ១ពាន់នាក់ទៅ២ពាន់នាក់ ត្រឹមឆ្នាំ២០២០ ហើយពួកគេនឹងក្លាយជាជនបង្គោលសម្រាប់ការបណ្ដុះបណ្ដាលបន្តទៅដល់អ្នកថ្មីទៀត៕