(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវចំនួន៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលបានអញ្ជើញបើកការដ្ឋាសាងសង់ផ្លូវ ចំនួន៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ថវិការបស់រដ្ឋចំនួន២៩៤លានដុល្លារ ប្រើពេលវេលាតែ៨ខែប៉ុណ្ណោះ។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីសោកនាដកម្ម នៃខេត្តព្រះសីហនុ ដែលទទួលរងការបាក់ធ្លាក់រលំអគារកម្ពស់៧ជាន់កន្លងទៅក្នុងឆ្នាំ២០១៩ថ្មីៗនេះ ដែលបានធ្វើឲ្យពលរដ្ឋស្លាប់ និងរងរបួសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ក្នុងសោកនាដកម្មនោះ ដែលពេលនោះ សម្តេចតេជោបានជួយសង្គ្រោះដល់ជនគ្រោះចំនួន២នាក់ចុងក្រោយ ដែលជាប់នៅបាតក្រោមគំនរអគារបាក់នោះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដោយសារតែបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ គឺមិនអាចប្រើប្រាស់បន្តទៀតបាន ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុងមានសក្តានុពល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ការសាងសង់ផ្លូវនេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិការបស់រដ្ឋតាមរយៈ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់ តាមរយៈនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។ ប៉ុន្តែប្រសិនបើខេត្តមិនអាចមានលទ្ធភាពរកទុនបានគ្រប់ទេនោះ គឺរាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាទាំងអស់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមបញ្ជាក់ថា យើងធ្វើផ្លូវត្រឹមតែ៨៤គីឡូម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែយើងត្រូវចំណាយទុនរហូតដល់២៩៤លានដុល្លារអាមេរិក។ ហេតុអ្វីបានជាផ្លូវនេះវាថ្លៃម្ល៉េះ? យើងធ្វើរាជរដ្ឋាភិបាល មិនមែនវាយអស់សន្លឹកបៀចេញពីដៃទេ។ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដែលបញ្ចេញឲ្យខេត្តព្រះសីហនុ ១០០លានដុល្លារនេះ វាតិចតួចណាស់បើប្រៀបធៀបជាមួយប្រាក់សន្សំ ដែលរាជរដ្ឋាភិបាលមានជាសាច់ប្រាក់ ប៉ុន្តែយើងដកមានកម្រិត។ ប្រសិនបើខេត្តព្រះសីហនុ មិនអាចមានរបស់ដែលទាក់ទាញយកប្រភពទុនបាន យើងក៏ហ៊ានដាក់ទាំង៣០០លានដុល្លារមកកាន់ខេត្តព្រះសីហនុតែម្តង»

សម្តេចតេជោបានថ្លែងថា ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើដោយត្រូវចំណាយទុនប្រមាណ ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះ គឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១៖ ប្រភេទមហាវិថី, ២៖វិថី និង៣៖ អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញ គឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាព តាមដងផ្លូវផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេល ក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុង ដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ទីក្រុងមួយនេះ ហៅថាជាទីក្រុងពហុបំណង ដែលមានស្ទើរតែគ្រប់វិស័យ ការដឹកជញ្ជូនក៏នៅទីនេះ កំពង់ផែទឹកជ្រៅរបស់យើងក៏នៅទីនេះ ឧស្សាហកម្មក៏នៅទីនេះសេវាកម្មក៏នៅទីនេះ ហើយអាចទៅថ្ងៃក្រោយឈានដល់តំបន់មូលដ្ឋាន នៃហិរញ្ញវត្ថុក្នុងតំបន់ ក៏អាចថាបាន ប្រសិនបើយើងអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ [...] កាមេរ៉ាសុវត្ថិភាពនឹងត្រូវបំពាក់ នៅតាមដងផ្លូវទាំងអស់ ដើម្បីធានាថាទីក្រុងមួយនេះ គឺជាទីក្រុងដែលមានសុវត្ថិភាព និងជាទីក្រុងដែលទាក់ទាញបំផុត សម្រាប់ទេសចរ មកកម្សាន្តនៅខេត្តព្រះសីហនុ ទាំងប្រជាជនកម្ពុជា ក៏ដូចជាបរទេស»

សម្តេចតេជោបានថ្លែងចាត់ទុក ការសាងសង់ផ្លូវទាំង៣៤ខ្សែ នៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មី នៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយ ក្រោយសាងសង់រួចរាល់ផ្លូវ ក្នុងក្រុងព្រះសីហនុ ក៏ទាក់ទាញប្រជាពលរដ្ឋ នៅខេត្តផ្សេងៗមកលេងក្រុងព្រះសីហនុ ដោយសារតែមានផ្លូវស្អាត និងអគារខ្ពស់ៗ។

សម្តេចតេជោបានបញ្ជាក់ទៀតថា នៅឆ្នាំក្រោយមុខមាត់ខេត្តព្រះសីហនុ នឹងប្រែប្រួលយ៉ាងខ្លាំង ទាំងសំណង់អគារ។ ជាស្តែងបច្ចុប្បន្នខេត្តនេះ មានអគារមានកម្ពស់ចាប់៥ជាន់ឡើង លើសាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាងសង់ប្រមាណ៨០០អគារ។ នៅឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ នៅខេត្តព្រះសីហនុ មានជាង១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០១៩ ក៏មានជាង១ពាន់លានដុល្លារផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា អ្នកទេសចរមកខេត្តព្រះសីហនុ ក្នុងឆ្នាំឆ្នាំ២០១៩នេះ មានចំនួន១៩សែន៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន១លាន២សែននាក់ និងភ្ញៀវអន្តរជាតិ៧៣ម៉ឺននាក់ កើនដល់៥៨.៦ភាគរយ ខណៈភ្ញៀវជាតិថយចុះជាង៦ភាគរយ។ ក្នុងមួយថ្ងៃការហោះហើរប្រមាណ៣៦ជើង នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួមអនុវត្តន៍គម្រោងអភិវឌ្ឍក្រុងព្រះសីហនុ ដែលគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិផង និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហ៊ានដាក់ទុនវិនិយោគមកលើខេត្តព្រះសីហនុនេះ ដោយសារមើលឃើញថា ខេត្តនេះនឹងផ្តល់ទុនដល់ប្រទេសជាតិវិញ សម្រាប់យកទៅអភិវឌ្ឍន៍ខេត្តផ្សេងៗទៀត។ សម្តេចបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគជាង១ពាន់លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ នៅខេត្តព្រះសីហនុ រាប់ទាំងគម្រោងផ្លូវ៣៤ខ្សែ ដែលត្រូវសាងសង់នៅថ្ងៃនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាទីក្រុងទំនើប ដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕