(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំរដ្ឋាភិបាលចិន ដើម្បីដកយកថវិកា ជាជំនួយឥតសំណង១៧០លានដុល្លារ ពីថវិកាជំនួយសរុប៦០០លានដុល្លារ ដើម្បីធ្វើយ៉ាងណាធានាថាលុបបំបាត់បញ្ហាទឹកស្អុយហូរចូលសមុទ្រ។

ការបញ្ជាក់ពីបំណងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាស ដែលសម្តេចតេជោ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិត ចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់គោលបំណងយ៉ាងដូច្នេះថា៖ «យើងកំពុងចចារជាមួយមិត្តចិន ដើម្បីប្រើប្រាស់នូវប្រាក់ដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយឥតសំណងប្រមាណជា៦០០លានដុល្លារសហរដ្ឋអាមេរិក យើងអាចដកប្រមាណជា១០០ ឬក៏១៧០លានដុល្លារ យកមកប្រើប្រាស់នៅខេត្តព្រះសីហនុរបស់យើង ធ្វើយ៉ាងម៉េចដើម្បីធានាថា ទឹកសមុទ្ររបស់យើងអត់មានទឹកសំអុយទៅបំពុលវា ហើយប្រជាជននៅតែប្រើប្រាស់ទឹកសមុទ្រ ដើម្បីមុជនៅល្ងាចនេះ សម្តេចក៏សុំងួតទឹកសមុទ្រ នៅល្ងាចនេះ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា អីឡូវយើងបានពង្រីកសមត្ថភាពបន្ថែម ក៏ប៉ុន្តែអត់ទាន់គ្រប់គ្រាន់ទេ ត្រូវធ្វើយ៉ាងម៉េច មុនទឹកទាំងឡាយបង្ហូរចូលទៅក្នុងសមុទ្រ ត្រូវធ្វើយ៉ាងណាឱ្យមានអាងច្រុះទឹកសិន ដូច្នេះនៅត្រង់ចំណុចនេះរាជរដ្ឋាភិបាលបានលើកសំណើរសុំទៅមិត្តចិន ឱ្យជួយជាកញ្ចប់តែម្តង ហើយមិត្តចិនក៏បានយល់ស្របផ្តល់នូវហិរញ្ញប្បទានផ្តល់នូវជំនួយឥតសំណងសម្រាប់ការអនុវត្តនូវគម្រោងនេះផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាអនាម័យ ហូប ចុកហើយកុំដាក់សំរាម នៅមាត់លូបង្ហូរទឹក ឬបោះចោលពាសវាលពាសកាលឱ្យសោះ ព្រោះជាដើមចមដែលបណ្តាលឱ្យស្ទះលូ ចំណុចនេះ មិនថាតែប្រជាជន នៅខេត្តព្រះសីហនុតែមួយនោះទេ ដែលត្រូវចូលរួមទប់ស្កាត់ការបោះចោលសំរាមពាសវាល ពាសកាលនោះ គឺសុំឱ្យប្រជាជនខ្មែរទូទាំង ប្រទេសចូលរួមសកម្មភាពនេះទាំងអស់គ្នា ដើម្បីលើកស្ទួយសោភ័ណភាព អនាម័យ និងបរិស្ថានស្អាតនៅជុំវិញខ្លួនអ្នក។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់ការប្រើប្រាស់ប្លាស្ទីក បន្ថែមពីនេះសម្តេចថា ថវិកាប្រមាណ ២លាន ៥សែនដុល្លារ ត្រូវបានប្រើសម្រាប់ស្តារលូ ប្រឡាយនានា ដើម្បីរំដោះទឹកក្នុងក្រុងព្រះសីហនុ៕