(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបើកកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ ដើម្បីបើកចំហរកាន់តែទូលាយ ការធ្វើពាណិជ្ជកម្មថែមទៀត។

ការថ្លែងបែបនេះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន នឹងធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាកាន់តែប្រសើរ ហើយការរកស៊ីជាមួយចិននេះ មិនមែនមានតែកម្ពុជាឡើយ សូម្បីសហរដ្ឋអាមេរិកក៏រកស៊ីជាមួយចិនដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ហ៊ុន សែន មិនមែនធ្វើត្រឹមតែទាញអ្នកវិនិយោគមកតែប៉ុណ្ណឹងទេ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅប៉ុន្មានថ្ងៃខាងមុខនេះ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងចាប់ដំណើរការ ហើយនឹងសម្រេចជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ពេលណាដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទីផ្សារចិននឹងបើកចំហរសម្រាប់ទំនិញរបស់កម្ពុជា»

ឆ្លើយតបនឹងការរិះគន់របស់ក្រុមមនុស្សមួយចំនួនដែលថា ខេត្តព្រះសីហនុក្លាយជាខេត្តរបស់ចិន រដ្ឋាភិបាលកំពុងតែលេងជាមួយភ្លើង ក្នុងការបើកឲ្យមានវិនិយោគិនចិនច្រើននោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការលើកឡើងនេះជាការបង្កើតរឿង សម្រាប់តែរិះគន់រាជរដ្ឋាភិបាលប៉ុណ្ណោះ ខណៈដែលប្រទេសដទៃនៅលើពិភពលោក មានទំនាក់ទំនងរកស៊ីជាមួយចិន សូម្បីតែសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅប្រទេសដទៃផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកមាន China Town គ្រប់ទីកន្លែង ប៉ុន្តែកម្ពុជាមិនទាន់មាន China Town នោះឡើយ នៅប្រទេសបារាំងក៏មាន China Town ដែរ ចុះចង្រៃអីគ្រាន់តែចិន មកវិនិយោគនៅស្រុកខ្មែរ វាបង្កើតទៅជារឿង»

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គ្រោងនឹងបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ នៅដើមខែធ្នូខាងមុខនេះ។ ប្រទេសចិនបានចាត់ទុក ការបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២នេះ ជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រតិភូ ដើម្បីចេញទៅរាជធានីប៉េកាំង ប្រទេសចិន បើកការចរចាជាផ្លូវការ ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចរាល់ហើយ ដែលដឹកនាំដោយរដ្ឋលេខាធិការមួយរូប។

លោកបញ្ជាក់ទៀតថា ការចរចាពាណិជ្ជកម្មសេរីនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកច្រកកាន់តែធំសម្រាប់ផលិតផលរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ដែលប្រជាជនជាង១ពាន់លាននាក់។ លោកថា វិស័យដែលនឹងធ្វើការចរចានោះ គឺមានវិស័យពាណិជ្ជកម្ម, វិស័យសេវាកម្ម, វិស័យវិនិយោគ និងវិស័យមួយចំនួនទៀត។

ការពិបាកនាំចេញទៅប្រទេសចិន គឺពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលរហូតមកដល់ពេលនេះ កសិផលមាន៤មុខប៉ុណ្ណោះ ដែលចិនអនុញ្ញាតឲ្យកម្ពុជា នាំចេញទៅប្រទេសរបស់ខ្លួនរួមមាន៖ ពោត, ដំឡូងមី, អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា៖ ស្វាយ, ម្រេច, ផ្លែស្រកានាគ, ទឹកមាត់ត្រចៀកកាំ, ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕