(កំពង់ចាម)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យដោះលែង ជនត្រូវចោទ១០រូបទៀត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេលង់ខ្លួនតាមការញុះញង់ ចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួក រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន។

បើតាមដីកាបង្គាប់ឲ្យដោះលែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជនត្រូវចោទទាំង១០នាក់នោះរួមមាន ទី១៖ឈ្មោះ លី គឹមហ៊ាង ភេទស្រី អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ សយ ស៉ីនថាត អាយុ៥៥ឆ្នាំ, ទី៣៖ឈ្មោះ ឱ សុផាត អាយុ៥៨ឆ្នាំ, ទី៤៖ឈ្មោះ អន សាវេន អាយុ៦៤ឆ្នាំ, ទី៥៖ឈ្មោះ ស្រឿន ​​ស្រ៊ាង​ អាយុ៤៣ឆ្នាំ, ទី៦៖ឈ្មោះ ហម វុទ្ធី ហៅផាន់ណា អាយុ៤៥ឆ្នាំ, ទី៧៖ឈ្មោះ ហ៊ុន សុខគង់ អាយុ៤០ឆ្នាំ, ទី៨៖ឈ្មោះ ដុង សុវណ្ណារិទ្ធិ អាយុ៣៨ឆ្នាំ, ទី៩៖ឈ្មោះ ហេង ហ៊ន់ អាយុ២៩ឆ្នាំ និងទី១០៖ឈ្មោះ គង់ ស៉ីវង្ស អាយុ៤៨ឆ្នាំ។

ការបង្គាប់ឲ្យដោះលែងជនត្រូវចោទទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្គាប់ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕