(សៀមរាប)៖ ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេល ដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។

លោក លោក អន សុភាព មន្ត្រីបច្ចេកទេសប្រចាំការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បញ្ជាក់ថា តាមលទ្ធផលជាក់ស្តែងការជួសជុលអនុវត្តបានត្រឹមតែ ១៥% ប៉ុណ្ណោះ ព្រោះយើងបានចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវ និងវិភាគបច្ចេកទេស ដូចជារចនាសម្ពន្ធ និងសម្ភារសំណង់ ស្ថានភាពនៃការខូចខាតរបស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់នៅក្នុងស្ពានហាល និងលទ្ធផលពិសោធលើការបុកបង្ហាប់ដីសាកល្បងចំនួន ១០ម៉ែត្រ បានជោគជ័យ។

ម្យ៉ាងវិញទៀត ការជួសជុលលើកនេះគឺមានការខុសប្លែកពីការជួសជុលនៅសម័យបារាំង និងការជួសជុលក្នុងដំណាក់កាលទី១ ដោយក្រុមអ្នកជំនាញផ្នែកអភិរក្សរបស់អាយស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានការរុះរើជញ្ជាំងស្ពានថ្មបាយក្រៀមនេះឡើយ ដោយត្រូវរក្សាស្លាកស្នាមនៃការជួសជុលនៅក្រោយសម័យអង្គរទុកជាប្រវត្តិសាស្ត្រ ថ្វីត្បិតតែរចនាសម្ពន្ធសំណង់ស្ពាននេះមានការខូចខាតខ្លាំងក៏ដោយ។

លោក អន សុភាព បានបន្តថា នេះជាចំណុចពិសេសមួយដែលលំបាកបំផុតសម្រាប់ការជួសជុល ដែលទាមទារឱ្យក្រុមអ្នកជំនាញរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសដើម្បីទប់ពង្រឹងរចនាសម្ពន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សំណង់ស្ពានចាស់ ដែលទ្រុឌទ្រោមខូចខាតដោយសារអាយុកាលនៃវត្ថុធាតុដើម ការត្រាំក្នុងទឹកជាប្រចាំ។

ដូច្នេះហើយ ក្នុងការជួសជុលនេះ ក្រុមការងារចាំបាច់ត្រូវរក្សាភាពដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកទេស និងសម្ភារទំនើបខ្លះ លាយនឹងបច្ចេកទេសបុរាណ ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ឱ្យជាប់មាំបានល្អ។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិអប្សរាជាមួយ និងសាកលវិទ្យាល័យសូហ្វយ៉ាប្រទេសជប៉ុន ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តមានរយៈពេល៥ឆ្នាំ (២០១៥-២០២០) និងគ្រោងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០៕