(ភ្នំពេញ)៖ នៅទីបំផុតទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ បានប្រញាប់ប្រញាល់ធ្វើមាតុភូមិនិវត្តន៍យ៉ាងរខេករខាកគួរឲ្យអាសូរឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ ដោយស្ពាយនូវភាពបរាជ័យយ៉ាងអាម៉ាស់និងធ្ងន់ធ្ងរនៃផែនការរដ្ឋប្រហារ ៩ វិច្ឆិកា នេះបើយោងតាមប្រភពព័ត៌មានរាយការណ៍ពីព្រលានយន្តហោះរបស់សឹង្ហបុរី ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនបរាជ័យ សម រង្ស៉ី បានចាកចេញពីទឹកដីឥណ្ឌូនេស៊ី ទៅកាន់ប្រទេសសឹង្ហបុរី ហើយធ្វើមាតុភូមិនិវត្តន៍ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទីដែលលោកមានសញ្ជាតិនៅទីនោះជាមួយកូនចៅតែម្នាក់ប៉ុណ្ណោះគឺលោក ម៉ែន ថាវរិទ្ធ។ ជនបរាជ័យ សម រង្ស៉ី ធ្វើដំណើរតាមជើងហោះលេខ Singapore Airline SQ336 ដោយចាប់ផ្តើមហោះហើរចាកចេញពីអាកាសយានដ្ឋានសឹង្ហបុរី​ នៅម៉ោង០០៖១៥នាទី នឹងទៅដល់ទីក្រុងប៉ារីស នៅម៉ោង៧៖១៥ព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការចាកចេញរបស់ជនមិនដែលស្គាល់ភាពជោគជ័យ សម រង្ស៉ី ត្រូវបានប្រជាពលរដ្ឋពេញនគរនាំគ្នាសម្តែងក្តីសប្បាយរីករាយយ៉ាងក្រៃលេង ព្រោះថាវត្តមានរបស់ទណ្ឌិតរូបនេះមិនដែលផ្តល់នូវសេចក្តីសុខ និងភាពសុខសាន្តជូនប្រជារាស្រ្ត និងព្រមទាំងមិនដែលសោះឡើយជួយលើកតម្កើងជាតិខ្លួនឯង មានតែការវាយកម្ទេចជាតិសាសន៍ខ្លួនឯង បម្រើផលប្រយោជន៍បរទេស។

សូមជំរាបថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរចូលប្រទេសកម្ពុជារបស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយគ្រាន់តែប្រើលេសដ៏គួរឲ្យអស់សំណើចគឺសំបុត្រយន្តហោះ។

ការបរាជ័យរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំងៗ ដោយចាត់ទុកថាជាមេដឹកនាំដែលបានតែនិយាយ តែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង៕

សម រង្ស៉ី រូបកាន់ថង់ពណ៌លឿង កំពុងដើរចូលយន្តហោះនៅអាកាសយានដ្ឋានប្រទេសសឹង្ហបុរី