(ព្រះសីហនុ)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល និងសម្រាប់ខេត្តព្រះសីហនុដោយឡែក ដែលការស្ថាបនាផ្លូវទ្រង់ទ្រាយធំមិនដែលធ្លាប់មានពីមុនមកចំនួន៣៤ខ្សែ នៅក្នុងពេលតែមួយនៅលើទឹកដីក្រុងព្រះសីហនុ នឹងត្រូវសម្ពោធបើកការដ្ឋានជាផ្លូវការ ក្រោមអធីបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងស្ថាបនាផ្លូវដ៏មហាសាលនេះ នឹងប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងទំនើបមានហេរដ្ឋារចនាសម្ព័ន្ធរឹងមាំ មានសោភណភាពស្រស់ស្អាត មានបរិស្ថានល្អសម្រាប់ការរស់នៅ បម្រើវិស័យទេសចរណ៍និងធុរកិច្ច ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ដែលបានសិក្សា និងរៀបចំឡើងដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ស្ថាប័នផ្សេងទៀតត្រូវបានអនុម័ត និងបាននិងកំពុងអនុវត្តគម្រោងជាបណ្តើរៗព្រមៗគ្នា។ ផ្លូវសរុប៣៤ខ្សែក្នុងក្រុងព្រះសីហនុ ប្រវែងសរុបជាង៨៤គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញ ដោយចំណាយទឹកប្រាក់សរុបប្រមាណជិត៣០០លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយយកស្លឹកត្នោតខ្ចប់ស្ករត្នោត សំដៅប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណងរបស់កម្ពុជា។

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចុះនូវផែនការគ្រប់គ្រងសេវាអនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ ជាមួយនឹងការពង្រឹង និងពង្រីកប្រព័ន្ធគ្រប់គ្រងទឹកស្អាត ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របទៅតាមការរីកចម្រើននៃទីក្រុងនាពេលបច្ចុប្បន្ន និងទៅអនាគត។ តាមផែនការគ្រោងទុកមហាវិថីជាច្រើនត្រូវបានសាងសង់ឡើង ជាពិសេសមហាវិធីជំទាវម៉ៅ គឺជាខ្សែផ្លូវយុទ្ឋសាស្រ្តថ្មីមួយសម្រាប់ដោះស្រាយ បញ្ហាចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីផ្លូវបំបែករាម មកកាន់ក្រុងព្រះសីហនុ ដោយចំណាយរយៈពេលក្រោម៣០នាទី។

ក្នុងការប្រែក្លាយខេត្តព្រះសីហនុទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខេត្តមួយនេះ នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ដើម្បីទទួលបានវិនិយោគទុនថ្មីៗបន្ថែមទៀត។ គោល បំណងដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់គោលដៅក្នុងការទាក់ទាញវិនិយោគ ទេសចរណ៍ ឧស្សាហកម្មចម្រុះ កន្លែងផ្តល់ការងារសម្បូណ៌បែបមជ្ឈមណ្ឌលសេវា និងជាប្រភពចំណូលពន្ធដ៏សំខាន់របស់ជាតិ។

ខេត្តព្រះសីហនុត្រូវបានប្រមើមើលឃើញថា នឹងក្លាយជាខេត្តមួយដែលចូលរួមទ្រទ្រង់កំណើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាថ្ងៃអនាគតដោយសារគម្រោងអភិវឌ្ឍ បានរីកស្គុះស្គាយដូចផ្សិត គម្រោងសាងសង់ថ្មីៗជាច្រើនបានកំពុងចាប់ផ្តើមយ៉ាងសកម្ម ដែលនឹងធ្វើឱ្យខេត្តព្រះសីហនុឈានទៅដឹកនាំសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ជាក់ជាមិនខានឡើយ។ ការរីកចម្រើនទាំងអស់នេះមិនអាចកាត់ផ្តាច់ចេញបានឡើយពីកត្តាសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ។ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងរង្វង់ ៧% នៅក្នុងរយៈពេល២០ ឆ្នាំជាប់គ្នា បានប្រែក្លាយជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើន និងបានបើកផ្លូវដល់អ្នកវិនិយោគទុនជាតិ និង អន្តរជាតិបោះទុនវិនិយោគយ៉ាងច្រើនដែលជាកត្តាជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន។

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាពិតជាមានសេចក្តីសោមនស្ស រីករាយនិងអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ។ ប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដាក់ចុះនូវ គោលនយោបាយដើម្បីភាពរីកចម្រើនរបស់ប្រជាជននិងប្រទេសជាតិ។ ខេត្តព្រះសីហនុក្នុងសម័យតេជោ សែន នឹងមានការរីកចម្រើនខ្លាំង ប្រែក្លាយទីក្រុងមួយនេះ ឲ្យទៅជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៍ដ៏ទំនើបសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរមកកម្សាន្តកាន់តែច្រើន និងជាទីទាក់ទាញទេសចរណ៍អន្តរជាតិ និងវិនិយោគិនផងដែរ។ ជយោ! ការអភិវឌ្ឍក្រោមសម័យតេជោ សែន!

ដោយ៖ ពល ពានរិន្ទ
ក្រុងព្រះសីហនុ, ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩