(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា​ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយ ASK Trade & Exhibitions Pvt. Ltd រៀបចំពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងម៉ាស៉ីន គ្រឿងបង្គុំ និងគ្រឿងផ្សំផ្សេងៗ សម្រាប់ផ្នែកស្បែកជើង និងសម្ភារធ្វើដំណើរ ដែលផលិតពីស្បែក នៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាផងដែរ។

ប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លី ឃុនថៃ បានថ្លែងថា ព្រឹត្តិការណ៍នេះ ដំណើរការទៅមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ ដោយមានក្រុមហ៊ុនអន្តរជាតិ ចូលរួមតាំងពិព័រណ៍ជាង ៥០ក្រុមហ៊ុន។

លោក​ឧកញ៉ា​ បានថ្លែងបន្តថា តាមរយៈពិព័រណ៍នេះ នឹងទាក់ទាញក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងម៉ាស៉ីន ផលិតផលធ្វើអំពីស្បែក និងគ្រឿងបន្សំផ្សេងៗ ធ្វើការវិនិយោគជាមួយរោងចក្រស្បែកជើងដែលជាសមាជិកសមាគមស្បែកជើងកម្ពុជា។ តាមរយៈទំនាក់ទំនងនេះ វានឹងធ្វើឲ្យមានកំណើនវិនិយោគលើវិស័យស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាការរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា។

លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

លោកបានបញ្ជាក់បន្ថែមថា៖ « គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនផលិតស្បែកជើង និងកាបូបធ្វើដំណើរ មានចំនួន ៩៨ក្រុមហ៊ុន ហើយការនាំចេញស្បែកជើង និងកាបូបធ្វើដំណើរឆ្លង រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ បានកើនដល់ ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៣៣៨លានដុល្លារអាមេរិក ស្មើនឹង ៨៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានត្រឹមតែ ៣៨៥លានដុល្លារអាមេរិកប៉ុណ្ណោះ»។

ជាមួយគ្នានេះផងដែរ លោក សារុន ឫទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ពិព័រណ៍មួយនេះ បានបង្ហាញថាកម្ពុជា បានឡើងដល់កម្រិតរជ្ជកាលថ្មីមួយ នៃការអភិវឌ្ឍស្របពេលជាមួយសម័យកាលឧស្សាហកម្ម ៤.០។ នេះមិនមែនជាការចៃដន្យទេ ដែលកម្ពុជាចាកចេញពីប្រទេស មានចំណូលទាបចាប់តាំងពីឆ្នាំ២០១៥ និងក្លាយជាប្រទេស ដែលមានចំណូលទាបមធ្យមចាប់ពីពេលនោះមក។

លោកបន្តថា «ទោះបីជាយ៉ាង យើងមិនឈប់ត្រឹមនេះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រមូលផ្តុំទេពកោសល្យទាំងអស់ ដូចអ្វីដែលកើតមានថ្ងៃនេះ ដើម្បីត្រៀមខ្លួនរុញកម្ពុជា ឲ្យមានការអភិវឌ្ឍលើសនេះថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០»

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់គតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សូមគាំទ្រយ៉ាងពេញទំហឹង ក្នុងកម្មវិធីពិព័រណ៍ដ៏មានសារៈសំខាន់នេះ៕