(ភ្នំពេញ)៖ ក្រសួង-ស្ថាប័ននានាដែលជាសមាសភាពនៃ «គណៈកម្មការអន្តរក្រសួង ដើម្បីរៀមចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត» រួមទាំងអាជ្ញាធរខេត្តកំពតផ្ទាល់ បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាផ្លូវធ្វើដំណើរ ពិសេសផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣៣ជាដើម ដែលកំពុងមានស្ថានភាពលំបាក និងហុយដីទ្រលោម ខណៈការជួសជុលកំពុងដំណើរការ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅសាលាខេត្តកំពត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត អង្គប្រជុំទាំងមូលបានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងផ្លូវធ្វើដំណើរនេះ តំណាងស្ថាប័នខ្លះក៏បានបង្ហាញការព្រួយបារម្ភ ខ្លាចក្រែងធ្វើជួសជុលមិនទាន់ពេលបុណ្យសមុទ្រមកដល់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទោះជាយ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថានឹងខិតខំសម្រួលធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរល្មមសមរម្យ ទោះបីមិនអាចធ្វើបានរួចរាល់ជាស្ថាពរ តែក៏មិនលំបាកពេកដែរ។

លោកថា ភ្ញៀវទេសចរដែលឆ្លងកាត់ខេត្តកែបទៅមកខេត្តកំពត អាចនឹងជួសជុលរួចរាល់ ខណៈផ្លូវនេះជាបណ្ដាញដ៏សំខាន់ក្នុងការតភ្ជាប់គោលដៅទេសចរណ៍នៃខេត្តទាំងពីរ និងខេត្តផ្សេងទៀត។

លោក ជាវ តាយ ក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកំពតក៏បាននិងកំពុងធ្វើផ្លូវវាងមួយចំនួនទៀតដែរ ដើម្បីកាត់បន្ថយការកកស្ទះក្នុងពិធីបុណ្យសមុទ្រខាងមុខ។

ជាការពិតណាស់ ខណៈដែលក្រុមការងារកំពុងជួសជុលយ៉ាងសស្រាក់សស្រាំនោះ ស្ថានភាពផ្លូវជាតិលេខ៣ ពិតជាមានសភាពដីហុយទ្រលោម កន្លែងខ្លះមើលផ្លូវសឹងមិនឃើញ កន្លែងមានគំហុក បង្កការលំបាកដល់អ្នកធ្វើដំណើរ ព្រមទាំងរំខានដល់ការប្រកបការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវនេះផងដែរ។

ប៉ុន្តែដំណោះស្រាយល្អជាងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏អាចធ្វើដំណើរវាងតាមផ្លូវជាតិលេខ៤ និងបន្តដំណើរតាមផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមស្រុកឈូក ឆ្ពោះទៅផ្លូវជាតិលេខ៣ ខាងកើតក្រុងកំពត៕