(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោង និងថវិកាក៏សាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចាប់ពីឆ្នាំ២០២០តទៅ គឺត្រូវប្រើប្រាស់ថវិកាទាំងនោះ សម្រាប់ធ្វើផ្លូវចាក់បេតុង ឬផ្លូវអ៊ុតកៅស៊ូតែម្តង ដើម្បីធានាបាននូវគុណភាពយូរអង្វែងក្នុងការប្រើប្រាស់។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០-២០២២ រៀបចំឡើងដោយរដ្ឋបាលក្រុងស្វាយរៀង។ ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង ស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៧៣នាក់។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន ទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាល នៃការធ្វើសមាហរណកម្មនាពេលនេះ។

លោកអភិបាលខេត្តបន្តថា គោលបំណង នៃការរៀបចំសិក្ខាសាលានាពេលនេះ ដើម្បីធ្វើឲ្យគម្រោងសកម្មភាពជាអាទិភាព ស្នើឡើងដោយឃុំ-សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលឈានទៅសម្រេចបាននូវគោលដៅរួម នៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ៕