(ភ្នំពេញ)៖ ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក (A) របស់កម្ពុជា បានអះអាងថា ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ។

ការអះអាងបែបនេះរបស់ KrisEnergy ធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មាន ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេង សម្រាប់តំបន់ប្រេងអប្សរា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

KrisEnergy បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ»

ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។

ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ លោក ស៊ុយ សែម បានអះអាងថា កម្ពុជានឹងផលិតដំណក់ប្រេងទី១ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទន្ទឹមនឹងច្បាប់ប្រេងកាត ដែលទើបបានអនុម័ត និងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងមានគម្រោងប្រេងកាតប្លុក (A) ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) មកពីប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុន កម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើង ក្នុងពេលដ៏ខ្លីខាងមុខនេះ»

រដ្ឋមន្ត្រីក្រសួងរ៉ែ បានបន្ថែមទៀតថា កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រ ចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពចម្រាញ់សរុប៥លានតោន ក្នុងមួយឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ហើយរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការ ផលិតកម្មដំណាក់កាលដំបូង ដែលមានសមត្ថភាព ២លានតោនក្នុងមួយឆ្នាំ នាឆ្នាំខាងមុខ។ 

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «យើងរំពឹងថា ប្រសិនបើប្រេងស្ថិតក្នុងតម្លៃ៨០ដុល្លារក្នុង១ប៉ារែល ហើយក្នុងរយៈពេលអភិវឌ្ឍន៍គម្រោងប្លុក A ៩ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានចំណូលប្រហាក់ប្រហែល៩០០លានដុល្លារ»៕