(កណ្តាល)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល លោក កែវ រ៉េមី បានចុះបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋ យកមកដោះស្រាយជូនពួកគាត់ ជាពិសេសពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ការចុះបើកវេទិកាសាធារណៈរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ មន្ត្រីមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋទៅទូទាំងឃុំព្រែកអំបិលយ៉ាងច្រើនកុះករផងដែរ។

នៅក្នុឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកអំបិលនេះ លោកសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាថែរក្សាសន្តិភាពតាមរយៈការមិនចូលរួមធ្វើសកម្មភាពណាមួយ ដែលផ្ទុយពីច្បាប់ទៅតាមការអំពាវនាវរបស់ក្រុមប្រឆាំងឱ្យចូលរួមក្នុងចលនារបស់ពួកគេ កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងមកថ្មីៗនេះ ហើយជាពិសេសសូមថ្លែងអំណរគុណប្រជាពលរដ្ឋ នៅឃុំព្រែកអំបិលទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រយ៉ាងច្រើនកុះករ ទាំងនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋទាំងអស់យល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៃប្រទេសជាតិ។

លោក កែវ រ៉េមី បានបញ្ជាក់ថា វេទិកាសាធារណៈនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចបានបង្កើតឱ្យមានក្រុមការងារថ្នាក់ជាតិចុះទៅតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ឲ្យបើកវេទិកាសាធារណៈ ដើម្បីស្រង់នូវគំនិតយោបល់ សេចក្តីត្រូវការ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងការលើកឡើងពីបញ្ហានានាដែលបានកើតឡើង នៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ជាមូលដ្ឋានឱ្យក្រុមការងារថ្នាក់ជាតិរួមជាមួយអាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត អាចចូលរួមស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ការបើកវេទិកាសាធារណៈនេះឡើង គឺជាចំណុចមួយដែលសំខាន់របស់សម្តេចតេជោ ហ៊ុន សែន បានឈ្វេងយល់ និងគោរពតម្លៃរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ម្ចាស់អំណាចដែលបង្ហាញឱ្យឃើញច្បាស់ថា សេរីភាពនៃការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ ត្រូវលើកតម្កើងយ៉ាងពេញលេញននៅកម្ពុជា។

រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ លោកប្រធានក្រុមការងារ បាននាំយកទៅពិភាក្សា និងដោះស្រាយជាបន្ទាន់ចំពោះសំណូមចាំបាច់ជាមុន និងរឿងផ្សេងៗ ទៀតទុកដោះស្រាយតាមក្រោយបន្តបន្ទាប់ឱ្យបានចប់ដូចគ្នា៕