(ព្រៃវែង)៖ ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋ ដែលនៅក្នុងភូមិផងរបងជាមួយនឹងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលកំពុងតែបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពួកគាត់ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចាត់ឲ្យលោក ចាន់ រ៉ាន់អភិបាលរងខេត្ត និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែងតែម្តង។

ការចុះពិនិត្យដល់ទីតាំងកន្លែងជាក់ស្ដែងនោះ អាជ្ញាធរបានឃើញមានក្រពើចំនួន ៣៨០ក្បាល ដែលម្ចាស់ចិញ្ចឹមក្រពើមានឈ្មោះ បាន នាង ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ចាន់ រ៉ាន់ បានប្រាប់ដល់ម្ចាស់ទីតាំងដែលចិញ្ចឹមក្រពើ ត្រូវធ្វើកិច្ចសន្យាជាមួយមន្ត្រីជំនាញ ដើម្បីសុំលិខិតអាជីវកម្មអនុញ្ញាតឲ្យចិញ្ចឹមក្រពើ លិខិតដឹកជញ្ជូនក្រពើ លិខិតអនុញ្ញាតផ្សេងៗទៀត និងត្រូវរៀបចំកន្លែងចិញ្ចឹមឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ភូមិផងរបងជាមួយនោះ។

ការចុះពិនិត្យដល់ទីតាំងចិញ្ចឹមក្រពើនោះលោក ចាន់ រ៉ាន់ ក៏បានឱ្យម្ចាស់ទីតាំងចិញ្ចឹមក្រពើអនុវត្តតាមកិច្ចសន្យា ៤ចំណុច ដូចខាងក្រោម៖

*ទី១ ៖ ត្រូវឲ្យម្ចាស់ទីតាំងចិញ្ចឹមក្រពើធ្វើសំណើស្នើសុំលិខិតអនុញ្ញាតចិញ្ចឹមក្រពើស្របតាមនីតិវិធី និងសុំលិខិតអនុញ្ញាតដឹកជញ្ជូនឱ្យបានត្រឹមត្រូវ
*ទី២ ៖ សាងសង់អាងចិញ្ចឹមក្រពើបន្ថែមទៀតឲ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេសឲ្យបានរួចរាល់ក្នុងរយៈពេល ២៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នេះជាកំហិត ដោយធ្វើរបងបេតុងឥដ្ឋ កម្រាស់ ២០ កម្ពស់ ១.២ម៉ែត្រ និងធ្វើរបងសំណាញ់ដែកតពីឥដ្ឋឲ្យបានកម្ពស់ ៤ម៉ែត្រ
*ទី៣ ៖ ម្ចាស់កទីតាំងចិញ្ចឹមក្រពើត្រូវធានាបរិស្ថានក្នុងការចិញ្ចឹមក្រពើ និងធានាសុវត្ថិភាពដល់ការរស់នៅផ្ទាល់ និងអ្នករស់នៅជុំវិញ
*ទី៤ ៖ ម្ចាស់ទីតាំងចិញ្ចឹមក្រពើបើចង់បន្ថែមក្រពើ និងលក់ក្រពើត្រូវផ្ដល់ដំណឹងជូនសមត្ថកិច្ច និងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាដាច់ខាត។

អភិបាលរងខេត្ត ក៏បានណែនាំដល់ម្ចាស់ទីតាំងចិញ្ចឹមក្រពើនោះថា ប្រសិនបើការចិញ្ចឹមក្រពើនេះមានបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅជិតភូមិផងរបងជាមួយ គឺម្ចាស់ចិញ្ចឹមក្រពើត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់ ករណីប្រសិនបើពិនិត្យឃើញថា ការចិញ្ចឹមមិនត្រូវតាមស្តង់ដារបច្ចេកទេសបទដ្ឋានរបស់មន្ទីរជំនាញ លោកនឹងបិទទីតាំងចិញ្ចឹមក្រពើនេះតែម្តង។

សូមបញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធរ និងមន្រ្តីជំនាញនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋនៅស្រុកបាភ្នំជាច្រើនគ្រួសារ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News បានរិះគន់ដល់កសិដ្ឋានចិញ្ចឹមក្រពើនេះ ដែលកំពុងតែបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពួកគាត់ និងបានជះក្លិនស្អុយដល់ពលរដ្ឋក្នុងភូមិ នៅជិតរបងវត្តនាគរង្សី ភូមិក្ដីដូង ឃុំរោងដំរី។

ពួកបានបន្តទៀតថា ការចិញ្ចឹមក្រពើនេះគ្មានលក្ខណៈស្តង់ដារត្រឹមត្រូវនោះទេ ព្រោះកន្លងមក ធ្លាប់រួចចេញពីទ្រុងពីរបីដងមកហើយ ធ្លាប់អ្នកភូមិដើរឆ្លុះសត្វ ពេលយប់ ចាប់បាន ប្រគល់ឲ្យម្ចាស់វិញជាច្រើនលើកច្រើនសាមកហើយ។ ប្រជាពលរដ្ឋខ្លះទៀតគាត់រអ៊ូរថា មានក្លិនស្អុយភាយចេញពីកន្លែងអាងចិញ្ចឹមក្រពើ រកហូបបាយមិនកើត និងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៀតផង រកដេកពួនមិនបាននោះឡើយ៕