(ហាណូយ-វៀតណាម)៖ ក្នុងកំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ នៅប្រទេសវៀតណាម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

គណៈប្រតិភូដែលជួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រួមមាន តំណាងមកពីក្រុមហ៊ុនធំៗ របស់អាមេរិកដូចជា 3M, Autodesk, FedEx Express និង UPS។

កិច្ចពិភាក្សាផ្តោតសំខាន់លើ វិធីដែលវិស័យឯកជនរបស់សហរដ្ឋអាមេរិក អាចគាំទ្រដល់ផែនការដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងអាស៊ាន និងដំណោះស្រាយលើគម្លាត នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់, ការជំរុញបរិយាកាសហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ តាមរយៈក្របខណ្ឌច្បាប់ ប្រកបដោយតម្លាភាព, ការលើកកម្ពស់តម្លៃ នៃបច្ចេកវិទ្យានៅក្នុងការរៀបចំសិក្សាគំនូសប្លង់ និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន,
ការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមប្រឹក្សា អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កំណើនសេដ្ឋកិច្ចថេរ, បរិយាកាសនយោបាយល្អ, គោលនយោបាយគាំទ្រវិនិយោគ, ទីតាំងប្រកបដោយអត្ថប្រយោជន៍ និងយុទ្ធសាស្ត្រ និងកត្តាសក្តានុពលផ្សេងៗ ក្នុងការវិនិយោគនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពី កំណែទម្រង់សំខាន់ៗ ដែលបានបញ្ចប់ និងកំពុងអនុវត្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ទេសរដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱកាសវិនិយោគ និងធុរកិច្ច និងបានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់វិនិយោគនៅកម្ពុជា៕