(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះកិច្ចសន្យា លើគម្រោងសាងសង់រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានទឹកប្រាក់សរុបចំនួន ១៥៦លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិតបានទឹកស្អាត ១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។

គម្រោងសាងសង់រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំង នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសង្ឃឹមថា គម្រោងនេះ នឹងប្រើរយៈពេលសាងសង៣៦ខែ។

ទឹកប្រាក់សរុប១៥៦លានដុល្លារ ក្នុងនោះ ថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន១៣៦លានដុល្លារអាមេរិក ដែលក្រសួងបានទទួល ការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប និងប្រើប្រាស់ថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន២០លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីនោះ លោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ការព្យាករណ៍ បានបង្ហាញថា តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ជាង៩០០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ នាឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋប្រមាណ ៥៤០ពាន់គ្រួសារ។

លោកបានបញ្ជាក់ថា ក្នុងគោលបំណងសម្រេច ឲ្យបាននូវការផលិត និងផ្គត់ផ្គង់ទឹកស្អាត ឲ្យបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ក្រុមប្រឹក្សាភិបាល ក្រសួងអាណាព្យាបាលទាំងពីរ និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ បានគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការសកម្មភាព ដើម្បីពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឆ្នាំ ២០១៨-២០២៥។

ជាមួយគ្នានោះ លោក សឹម ណារ៉ា ក៏បានជម្រាបជូននូវផែនការសកម្មភាព មានដូចខាងក្រោម៖

១៖ ដំណាក់កាលទី១ ត្រូវដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិតទឹក ៥៥ពាន់ម៣ថ្ងៃ នៅខែតុលា ឆ្នាំ២០១៩។

២៖ ដំណាក់កាលទី២ គឺគិតត្រឹមឆ្នាំ២០២៥ ត្រូវសាងសង់រោងចក្រប្រព្រឹត្តិទឹកស្អាតថ្មីចំនួន០៤ និងជួសជុលពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន១ ដែលអាចផលិតទឹកស្អាតបាន ៤៧០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ បន្ថែមលើសមត្ថភាពបច្ចុប្បន្ន ៥៤០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ៖

* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាព ១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ សមត្ថភាព១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ សមត្ថភាព ៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ (សង្កាត់បឹងធំ) សមត្ថភាព ៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ
* ជួសជុល-ពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក សមត្ថភាព៤៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ បន្ថែមលើសមត្ថភាពបច្ចុប្បន្ន១៥០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។

៣៖ ចាប់ពីឆ្នាំ ២០២៥ តទៅ គ្រប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំង៧ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវផលិតទឹកស្អាតឲ្យបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ដើម្បីបម្រើសេចក្តីត្រូវការទឹកស្អាត
ជូនប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០៣០។

លោក សឹម ណារ៉ា បានបន្ថែមទៀតថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ គឺមានបំណងផ្គត់ផ្គង់ទឹកទៅ «ពហុកីឡាដ្ឋានជាតិមរតកតេជោ» ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងបម្រើសេចក្តីត្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលរស់នៅភាគខាងលិចរាជធានីភ្នំពេញ ប្រមាណ៥០ម៉ឺននាក់បន្ថែមទៀត ស្របតាមគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថា ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ នាថ្ងៃនេះ គឺជាការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអនុវត្តផែនការ
សកម្មភាពដំណាក់កាលទី១ បានដោយជោគជ័យ ពោលគឺបានដាក់ឲ្យដំណើរការរោងចក្រចំការមន ដែលមានសមត្ថភាពផលិត ៥៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ នាខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៥៤០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ នឹងធ្វើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមបាន ៥៩៤ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ សម្រាប់បម្រើតម្រូវការទឹកស្អាត របស់ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សឹម ណារ៉ា។

សូមបញ្ជាក់ថា នេះជាគម្រោងសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទី៤ហើយ បន្ទាប់ពីការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១នាឆ្នាំ២០១៣ និងជំហានទី២នាឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមុន នាឆ្នាំ២០១៩ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខិតខំ ដើម្បីបានទឹកចែកចាយជូនប្រជាពលរដ្ឋ៕