(ហាណូយ-វៀតណាម)៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងលោក Li Xiaopeng រដ្ឋមន្រ្តីដឹកជញ្ជូនចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

រដ្ឋមន្រ្តីបានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើការអនុវត្តឯកសារសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ កិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-ចិន
*ទី២៖ កិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវសមុទ្រ អាស៊ាន-ចិន
*ទី៣៖ ផែនការសកម្មភាព ២០១៨-២០២០ ស្តីពីផែនការយុទ្ធសាស្រ្តកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូណអាស៊ាន-ចិន។

រដ្ឋមន្រ្តី បានអនុម័តពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕