(កំពង់ឆ្នាំង)៖ ស៊ីម៉ង់តិ៍ ២០តោន ប្រេងម៉ាស៊ូត ២០០០លីត្រ និងសម្ភារការិយាល័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារដឹកយកមកប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភសម្ភារដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ។

លោកបានបន្តថា សម្តេចទាំងពីរតែងតែគិតគូពីសុខទុក្ខកងទ័ព ក៏ដូចជា ការទំនុកបម្រុងគ្រួសារទ័ព ការងារកសាងអង្គភាព និងកិច្ចការងារផ្សេងៗ ដែលសកម្មភាពទាំងនេះបានធ្វើឲ្យកងទ័ពទាំងអស់ មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាដាច់ខាតមិនឲ្យមានបដិវត្តព័ណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងបញ្ជាការដ្ឋានកាំភ្លើងធំ គោរព និងអនុវត្តអោយបានដាច់ខាតនូវបទបញ្ជាបញ្ជាថ្នាក់លើ ក៏ដូចជា ការអនុវត្តអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប ២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាសម្ភារការិយាល័យ និងសម្ភារសំណង់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនបន្ថែមលើអំណោយជាអាគារស្នាក់នៅទ័ព០២ខ្នង និងថវិកាមួយចំនួនទៀត ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការកាំភ្លើងធំ និងកងអនុសេនាតូច-ធំត្បាល់DK កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ៕