(ហ្សឺណែវ)៖ នៅទីស្នាក់ការកណ្តាលមូលនិធិសកល (Global Fund HQ at Global Health Campus) នាក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល នៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច បានធ្វើបទបង្ហាញអំពី បទពិសោធន៍នៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយផ្តោតលើចីរភាព ការផ្ទេរដំណាក់កាល និងសហហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ។ លោកទេសរដ្ឋមន្ត្រីបានធ្វើបទបង្ហាញខាងលើ ជូនកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិសកល លើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១២ដល់១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីតំណាង មកពីតំបន់នានានៅជុំវិញសកលលោក។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សមាស ធាតុគន្លឹះ៣ដែលជាសមិទ្ធផល ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជារួមមាន ទី១) ភាពជាម្ចាស់ និងមគ្គុទ្ទេសក៍ភាព, ទី២) ភាពជាដៃគូ និង ៣) ការវិនិយោគ។

ក្នុងភាពជាម្ចាស់ និងមគ្គុទ្ទេសក៍ភាព អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំយន្តការសម្របសម្រួល និងឆ្លើយតបជាពហុវិស័យ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការ៦ចំណុច ដើម្បីធានាចីរភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះផងដែរ។ បន្ថែមលើនេះ ពាក់ព័ន្ធនឹងកម្មវិធីមូលនិធិសកល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលតួនាទីជាអ្នកទទួលជំនួយផ្ទាល់ ចាប់ពីខែមេសា ឆ្នាំ២០១៨។

ចំពោះភាពជាដៃគូ ដៃគូអភិវឌ្ឍន៍ (ម្ចាស់ជំនួយ) ស្ថាប័នអន្តរជាតិដូចជា UNAIDS, UNDP, អង្គការសុខភាពពិភពលោក, អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ធ្វើការរួមគ្នា ដោយត្រួតពិនិត្យរួមគ្នា នូវវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអេដស៍។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយមានជំនួយពី UNAIDS កម្ពុជាប្រហែលជាប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបានធ្វើការវាយតម្លៃ អំពីរៀបចំខ្លួនរួចរាល់ក្នុងការផ្ទេរដំណាក់កាល (Transition Readiness Assessment)។ នេះជាផែនទីបង្ហាញផ្លូវឆ្ពោះ ទៅកាន់កម្មវិធីអេដស៍ដែលមានចីរភាព។

នៅក្នុងការវិនិយោគ ដោយសារភាពសប្បុរសរបស់មូលនិធិសកល កម្ពុជាបានធ្វើចលនាប្រភពធនធានប្រមាណ៥០០លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ចាប់ពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់ថវិកាចំនួន១ ទៅ១,៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលជាថវិកាបដិភាគ ក្នុងការទិញឱសថប្រឆាំងនឹងមេរោគអេដស៍។ ឯថវិកាប្រមាណ៨០០ ០០០ដុល្លារ ក្នុងមួយឆ្នាំក៏ត្រូវបានផ្តល់ជូនបុគ្គលិក ជាប់កិច្ចសន្យាដែលធ្វើការក្នុងគម្រោងជំនួយមូលនិធិសកល ផងដែរ។

នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជាផ្នែកមួយនៃគោលនយោបាយវិមជ្ឈការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសម្រួលវិធាន ក្នុងការអនុញ្ញាតឲ្យមណ្ឌល សុខភាពប្រើប្រាស់ថវិកា ដែលមិនអាចចាយបានក្នុងការអនុវត្តកម្មវិធីអេដស៍។ ជាមួយគ្នា នេះ រាជរដ្ឋាភិបាលក៏បានឯកភាពឲ្យដាក់បញ្ចូល កម្មវិធីអេដស៍ទៅក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងការទទួល ខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន នៅឃុំសង្កាត់៕