(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាល សភា រួមទាំងប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងសុឆន្ទៈ ដើម្បីសម្រេចបានសមិទ្ធផលដ៏ធំធេងអំពីព្រំដែន ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។

ការលើកឡើងរបស់ លោកស្រី ឃួន សុដារី បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាបានពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបទទួលការសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ណាម ជុង (Kim Nam Jung) តំណាងក្រសួងបង្រួបបង្រួម និងតំណាងជាន់ខ្ពស់នៃកិច្ចសន្ទនាកូរ៉េ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោកស្រី ឃួន សុដារី តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចែករំលែកជូនគណៈប្រតិភូសាធារណរដ្ឋកូរ៉េនូវបទពិសោធអំពីការកិច្ចខិតខំប្រឹងប្រែងពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងការដោះស្រាយការងារព្រំដែនជាមួយប្រទេសជិតខាង គឺក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់បំផុត ក្នុងការទទួលយកសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានមកដល់បច្ចុប្បន្នគឺមាន ៨៤% ហើយក៏ជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែន មិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាតរៀងទៅ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលសាធារណរដ្ឋកូរ៉េសម្រេច បានក្នុងការកសាងជាតិរហូតបានក្លាយ ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ហើយបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃប្រទេសកូរ៉េ មិនត្រឹមតែ នាំមកនូវវិបុលភាពមក ឱ្យប្រទេសប្រជាជនកូរ៉េ ប៉ុណ្ណោះទេ តែក៏បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដល់ប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។

លោកស្រី ក៏បានបង្ហាញពីការអបអរសាទរ និងគាំទ្រចំពោះទស្សនៈការបង្រួបបង្រួមកូរ៉េទាំងពីរ ដោយសាធារណរដ្ឋកូរ៉េបានបង្កើតឱ្យមានក្រសួងបង្រួបបង្រួមជាតិ ដែលនេះសរបញ្ជាក់ពីឆន្ទៈក្នុងការបង្រួបបង្រួមគ្នា ដើម្បីរក្សាសិ្ថរភាព និងសន្តិភាពក្នុងឧបទ្វីបកូរ៉េ ក៏ដូចជាពិភពលោកទាំងមូល។

ជាការឆ្លើយតប លោក គីម ណាម ជុង បានជម្រាបជូន លោកស្រីអំពីទស្សនៈនៃការបង្រួបបង្រួមកូរ៉េទាំងពីរ បើទោះជាសាធារណរដ្ឋកូរ៉េ មានក្រសួងបង្រួបបង្រួមក៏ដោយ ក៏ផ្លូវទៅរកសម្រេចបាននូវទស្សនៈនេះមានការលំបាក និងឧបសគ្គ ពុំងាយស្រួលនោះទេ គឺទាមទារពេលវេលាយូរ និងការអត់ធ្មត់ចរចារជាច្រើន ប្រៀបដូចដែលកម្ពុជា បានដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមកន្លងមក។

សូមបញ្ជាក់ផងដែរថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ ដែលត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះមានគោលបំណង និងផលប្រយោជន៍ គឺដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/ ១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងព្រំដែន ដោយឈរលើគោលការណ៍ស្មើភាព ១=១ ស្តីពីផ្ទៃដីដែលត្រូវដោះដូរ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យបន្តគ្រប់គ្រងលើដីធ្លី ស្រែចំការដែលបាននិងកំពុងអាស្រ័យផលទាំងនោះបន្តទៀត។

ជាមួយគ្នានេះផងដែរ លោក គីម ណាម ជុង បានថ្លែងអំណរគុណ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ក្បោះក្បាយស្តីពីការដោះស្រាយការងារព្រំដែន។

លោកបានបន្ថែមថា បើទោះបីបញ្ហានៅឧបទ្វីបកូរ៉េមានលក្ខណៈខុសគ្នាពីនៅកម្ពុជា-វៀតណាម តែប្រជាជាតិទាំងអស់ប្រាថ្នាបានសុខសន្តិភាព បង្រួបបង្រួមគ្នា ដើម្បីបន្តបង្កើនការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសុខសន្តិភាព សុវត្ថិភាពទាំងក្នុងតំបន់ និងជាការរួមចំណែកដល់សុខសន្តិភាពទូទាំងសកលលោក។

ជាចុងក្រោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថា្នក់ដឹកនាំនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាសភានៃសាធារណរដ្ឋកូរ៉េដែលតែងតែបន្តគាំទ្រជួយកម្ពុជា និងជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនធ្វើពាណិជ្ជកម្មនៅកម្ពុជាលើគ្រប់វិស័យ ដែលនេះបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕