(ភ្នំពេញ)៖ អតីតចៅសង្កាត់រងទី២ នៃសង្កាត់ស្នោរ ខណ្ឌកំបូលរបស់អតីតគណបក្សសង្គ្រោះជាតិលោក ឌឹម សុវណ្ណ អាយុ៤៥ឆ្នាំ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឈប់គាំទ្រគណបក្សខ្មោចមួយនេះ និងប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារគាត់ដឹងពីសណ្ដានអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលបន្ដបោកប្រាស់មិនវិលចូលស្រុកខ្មែរតាមការសន្យា។

លោក ឌឹម សុវណ្ណ បានលើកឡើងថា លោកសុំចូលរួមជាមួយគណបក្សប្រជាជនវិញ ក្រោយមើលឃើញទណ្ឌិត សម រង្ស៉ី បានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នេះជាទង្វើមួយខុសច្បាប់ទាំងស្រុង មើលងាយព្រះមហាក្សត្រដែលខុសនឹងច្បាប់រដ្ឋ ហើយបានប្រកាសថា នឹងវិលចូលស្រុកថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែជាការកុហកបោកប្រាស់តែម្តង ធ្វើឲ្យលោកអស់ជំនឿទាំងស្រុង។

លោកក៏បានអំពាវនាវ ដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្សេងៗទៀត ឈប់ចាញ់បោកពួកឧទ្ទាមសម រង្ស៊ី និងសូមមកចូលរួមរស់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សខ្មោចមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ សម្រាប់ខណ្ឌកំបូល អតីតសកម្មជន និងអតីតថ្នាក់ដឹកនាំរបស់អតីតបក្សសង្គ្រោះជាតិមួយចំនួន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា និងប្រកាសឈប់គាំទ្របក្សមួយនេះ ក្រោយទណ្ឌិត សម រង្ស៊ី បានបន្តបោកប្រាស់ដល់ពួកគាត់ទៀត៕