(ភ្នំពេញ)៖ ក្រុមហ៊ុន Realestate.com.kh ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសសម្ពោធកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅ Lumiere Residence។

កម្មវិធីនេះ បានរៀបចំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បេសកកម្មរបស់ពានរង្វាន់អចលនវត្ថុកម្ពុជា ដើម្បីទទួលស្គាល់សមិទ្ធិផល និងស្នាដៃរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គល (ភ្នាក់ងារអចលនទ្រព្យ)ទាំងអស់ ចូលរួមប្រកួតប្រជែងដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន ឬភ្នាក់ងារឡើយ។

ការបង្កើតកម្មវិធីនេះឡើង ដោយផ្នែកលើកត្តាដ៏សំខាន់មួយនោះ គឺកំណើននៃភាពរីកចម្រើននៃវិស័យទាំងមូល ដែលបោះជំហានទៅមុខយ៉ាងលឿនរហ័ស ជាមួយការសាងសង់គម្រោងថ្មីៗដ៏ខ្លាំងក្លានៅទូទាំងប្រទេស ដែលនេះជាសញ្ញាណវិជ្ជមាន និងសក្តានុពលនៃវិស័យអចលនវត្ថុ កម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ ការហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្ដរជាតិដែល ទទួលបានសិទ្ធិផ្តាច់មុខ និងក្រុមហ៊ុនល្បីៗផ្សេងៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាសជាច្រើន នៅក្នុងវិស័យនេះផងដែរ។ ទាំងអស់នេះ គឺបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារ ម្នាក់ៗ និងបណ្តាក្រុមហ៊ុនទាំងអស់ តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយ ក្រម សីលធម៌ ទំនុកចិត្ត និងភាពជោគជ័យ។

នេះជាពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៩ (CREA 2019) ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរដល់អ្នកជំនាញឆ្នើមក្នុងវិស័យ អចលនវត្ថុទាំង ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅកម្ពុជា និងដើម្បីលើកស្ទួយវិស័យនេះនៅទូទាំងប្រទេស។ នេះជាព្រឹត្តិការណ៍ដ៏ធំលើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពជោគជ័យ នៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួត ប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា គឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ «ក្រុមហ៊ុនខ្នាតតូច» «ក្រុមហ៊ុនខ្នាតមធ្យម» និង«ក្រុមហ៊ុនខ្នាតធំ» ដែលគ្រប់ដណ្ដប់លើ អាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា «ការបង្កើតឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រង អចលនវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង»

លោកបានបន្ថែមទៀតថា «មិនថាអ្នកជាក្រុមហ៊ុនតូច ឬធំ អ្នកមានសិទ្ធិ ចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់នេះ គឺមិនគិតថ្លៃ និងមិនមានការចំណាយអ្វីទាំងអស់ទាក់ទងនឹងការឈ្នះរង្វាន់ណាមួយ។ ដោយអ្នកទទួលបានជ័យជំនះ នឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។

Realestate.com.kh  និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីនេះ នឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធ ក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ បានយកតម្រូវតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិ ប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។

ដំណើរការនៃការកាត់សេចក្តី នឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុម ហ៊ុនគណនេយ្យ និងសវនកម្ម «Cambodian Investment Management» ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយ ការបោះឆ្នោតជាសាធារណៈ បានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរ ដល់ភាពជោគជ័យរបស់បេក្ខភាពជយលាភីទាំងអស់។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជយលាភី នឹងត្រូវបានផ្តល់ជាតែមសម្គាល់ ជយលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួម ជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។

លោក Tom O’Sullivan បានបញ្ជាក់ទៀតថា «នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា ដោយផ្តល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុង វិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លងមក។ ក្រោមការសហការជាមួយ សមាគម CVEA និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ២០១៩ នឹងបង្កើតឧត្តមភាព និងភាពជឿជាក់បន្ថែមទៀតសម្រាប់វិស័យ អចលនវត្ថុកម្ពុជាទាំងមូល»

ជាមួយគ្នានោះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា «ពានរង្វាន់នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលប្រកបរបរទទួលទានក្នុងវិស័យអចលនទ្រព្យ។ យើងចង់បង្កើតការទទួលស្គាល់ ដើម្បីផ្តល់តម្លៃ និងផ្តល់ ការលើកទឹកចិត្តដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារ ដែលបានបម្រើការនៅក្នុងវិស័យនេះ ប្រកបដោយទំនុកចិត្ត និងតម្លាភាព»

លោកបន្ថែមថា ពានរង្វាន់នេះ គឺធានាបាននូវ ភាពយុត្តិធម៍ ជាមួយនឹងការវិនិច្ឆ័យ ដែលធ្វើឡើងដោយគណៈកម្មការឯករាជ្យ។ ក្នុងនាម ជាប្រធាន CVEA បានជំរុញដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមដាក់ពាក្យប្រកួតប្រជែង៖ «ខ្ញុំសូមលើកទឹកចិត្តដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមប្រកួតប្រជែង ដើម្បីឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជា ដែលសហការរៀបចំដោយ CVEA និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»

បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ នឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីជប់លៀងពិសាអាហារពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

*ការចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងផុតកំណត់ត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលមានគណៈកម្មការវិនិច្ជ័យកាត់សេចក្តីមាន សុទ្ធតែជាអ្នកវិនិយោគគិនឆ្នើមៗនៅកម្ពុជា ហើយសម្រាប់ប្រភេទពានរង្វាន់ជាង២០ ត្រូវបែងចែកជាពីរប្រភេទគឺ ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ៕

លក្ខខណ្ឌចូលរួមត្រូវធ្វើតាមជំហ៊ានងាយៗបីយ៉ាង៖
១៖ ជ្រើសរើសប្រភេទរង្វាន់ដែលអ្នកចង់ចូលរួម
២៖ ថតវីដេអូរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែងរបស់អ្នក
៣៖ បញ្ជូនវីដេអូ របស់អ្នកទៅក្រុមការងាររបស់ Realestate.com.kh តាមរយៈ [email protected]
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.com