(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា នៅថ្ងៃសៅរ៍សប្តាហ៍នេះ សម្តេចនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវចំណាយដើមទុនជិត៣០០លានដុល្លារ។

ការមានប្រសាសន៍បញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ «ព្រោះថ្ងៃសៅរ៍ត្រូវទៅខេត្តព្រះសីហនុ ដើម្បីបើកការដ្ឋានកសាងផ្លូវ ដែលត្រូវចំណាយដើមទុនជិត៣០០លានដុល្លារ ដើម្បីកសាងផ្លូវ ហើយបន្តិចទៀតផ្លូវជាតិលេខ៣ពង្រីកធំ ប្រជាជនខេត្តកំពតនឹងទៅទីក្រុងភ្នំពេញ បានងាយស្រួលជាង»

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមបើកការដ្ឋាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូ៨ផឹង នៅពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូន នៅក្នុងខេត្តដែលសំបូរទៅដោយ កុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្រាប់ចក្ខុវិស័យរបស់យើង ការវិនិយោគសាធារណៈបានដាក់ឆ្លង គណៈរដ្ឋមន្ត្រីកាលពីប៉ុន្មានអាទិត្យមុននេះ ដោយបានដាក់ចូលក្នុងចក្ខុវិស័យស្តីអំពី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន។ ដោយពីមុនថវិកា១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មី គឺថវិកា១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវ ដែលរដ្ឋាភិបាលបានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ការផ្លាស់ប្តូរចក្ខុវិស័យសម្រាប់ការសាងសង់ផ្លូវថ្នល់នេះ ដើម្បីឱ្យសមស្របនឹងស្ថានភាព នៃការដឹកជញ្ជូន និងការរីកចម្រើននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដើម្បីធ្វើយ៉ាងណាធានានូវគុណភាព និងជាពិសេសតម្រូវឱ្យសមស្រប តាមស្តង់ដារដែលបណ្តាប្រទេសនានា ដែលបានផលិតរថយន្តប្រើប្រាស់នោះទេ ដូច្នេះ ការដាក់ចេញនូវទស្សនវិស័យសាងសង់ផ្លូវ ដើម្បីធ្វើយ៉ាងអាចទ្រាំទ្រទម្ងន់របស់រថយន្ត ដែលបានផលិតនៅក្នុងប្រទេសដទៃផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ «ទៅថ្ងៃក្រោយផ្លូវលំ និងផ្លូវថ្នល់ទាំងឡាយអាចនឹងប្រើស៊ីម៉ង់តិ៍ច្រើន ដើម្បីកសាង ព្រោះបើធ្វើផ្លូវលំ ផ្លូវចាក់កៅស៊ូ វាមិនអាចជាប់ធន់បានយូរនោះទេ គឺវាអាចនឹងបំផ្លាញដោយសារការដឹកទំនិញលើសទម្ងន់ ឬដោយសារគ្រោះធម្មជាតិ ដូចជាទឹកជំនន់ជាដើម ដូច្នេះ បច្ចុប្បន្ននេះ មានចរន្តធ្វើផ្លូវនានា ដោយប្រើប្រាស់ស៊ីម៉ងត៍ ដោយចាកបេតុង ទាំងនៅទីក្រុង និងជនបទ»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការចំណាយប្រាក់កាក់ច្រើនជាងបន្តិច ដើម្បីកសាងផ្លូវដែលមានភាពរឹងមាំ គឺយើងធ្វើម្តងប្រើប្រាស់បានជាង១០ឆ្នាំ ហើយបើយើងចាក់កៅស៊ូ និងធ្វើប៉ុនផ្លូវលំធម្មតា ធ្វើទៅ ធ្វើមក មិនអាចប្រើប្រាសើបាននោះទេ ដូច្នេះ គិតៗទៅ តែ៥ឆ្នាំ គឺថ្លៃចំណាយលើសអ្វីដែលយើងធ្វើផ្លូវដោយចាក់បេតុងឱ្យមានភាពរឹងមាំ ដូច្នេះ ការធ្វើផ្លូវឱ្យរឹងមាំនេះ ពិតណាស់វាត្រូវចំណាយថវិកាច្រើនក៏ពិតមែន ប៉ុន្តែទទួលបានមកវិញផ្លូវដែលមានគុណភាព និងចំណេញពេលវេលា សម្រាប់ជួសជុលផងដែរ។

បើតាមប្រមុខរាជរដ្ឋាភិបាលកត្តាខូចផ្លូវមានពីរគឺបណ្តាលមកពីគ្រោះទឹកជំនន់ និងមកពីរថយន្តធុនធ្ងន់ ជាពិសេសកុងតឺន័រ។ «យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន» នេះជាការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន ដោយបន្ថែមថា ករណីខូចផ្លូវកន្លងមកនៅខេត្ត ព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឱ្យរថយន្តធុនធំ និងកុងតឺន័រ ចូលទៅតំបន់ផែទឹកជ្រៅ ក៏ដូចជា ដឹកសម្ភារសំណង់ផ្សេងៗដើម្បីសាងសង់អគារចន្លោះពី ៥ទៅ ប្រមាណ៦០ជាន់៕