Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ទោសរបស់ សម រង្ស៉ី គ្មានការលើកលែងជាដាច់ខាត (Video inside)

14-11-2019 13:08

(កំពត)៖ ថ្លែងយ៉ាងច្បាស់ៗចេញពីទឹកដីខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោសរបស់ទណ្ឌិត សម រង្ស៊ី គ្មានការលើកលែងនោះឡើយ គឺត្រូវតែដំណើរការទៅតាមច្បាប់ ហើយដៃស្តាំរបស់សម្តេចក៏មិនចុះហត្ថលេខា សុំព្រះរាជទានលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ី នោះដែរ។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

សម្តេចតេជោ ហ៊ុន បានថ្លែងយ៉ាងដូច្នេះថា «អ្នកត្រូវចាំថា ទោសរបស់អ្នកមិនត្រូវទទួលបានការអត់ឱននោះទេ អ្នកត្រូវតែឆ្លងតាមគន្លងច្បាប់មួយ ហើយអ្នកដែលមានសិទ្ធិតែមួយគត់ ក្នុងការលើកសំណើរថ្វាយព្រះមហាក្សត្រ គឺដៃស្ដាំរបស់ ហ៊ុន សែន តែ ហ៊ុន សែន គឺមិនចុះហត្ថលេខា សូមការលើកលែងទោសឲ្យមនុស្សដដែលនោះទេ។ ខ្ញុំព្រះករុណាខ្ញុំមិននិយាយចំឈ្មោះនោះទេ តែនេះជាសារនយោបាយជាក់លាក់ ព្រោះនេះវាជារឿងដ៏អាក្រក់បំផុត ជូរជាតិ ចង់ប្រើសម្ដេចក្រឡាហោម ស ខេង ធ្វើបក្សប្រហារ បានសេចក្ដីថា សម្ដេចក្រឡាហោម ជាអនុប្រធានបក្ស ហើយឲ្យធ្វើបក្សប្រហារដើម្បីផ្ដួល ហ៊ុន សែន អានឹងម្ខាង ប៉ុន្ដែធ្ងន់ជាងនេះ គឺប្រើសម្ដេចក្រឡាហោមធ្វើរដ្ឋប្រហារ ទម្លាក់នាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លាតអីក៏ឆ្លាតម្ល៉េះហើយគិតស្មានថា សម្ដេចក្រឡាហោមធ្វើតាមនូវអ្វី ដែលអ្នកអំពាវនាវ»

ក្រៅពីប្រកាសមិនលើកលែងឲ្យទណ្ឌិត សម រង្ស៊ី ហើយនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០២៨ ហើយសម្តេចក៏បានផ្តាំទៅក្រុមក្បត់ជាតិថា កុំធ្វើនយោបាយរង់ចាំសម្តេចស្លាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «គណបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គមិនអាចខ្វះបានសម្រាប់កម្ពុជា អ្នកឯងត្រូវយល់ ហើយអ្នកឯងត្រូវចាំ ហ៊ុន សែន នឹងកាន់អំណាចរហូតដល់ឆ្នាំ២០២៨ , ១០ឆ្នាំទៀតអាពៅ! ហើយកុំធ្វើនយោបាយរង់ចាំ ហ៊ុន សែន ស្លាប់»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់ គម្រោងរដ្ឋប្រហារ មិនបានសម្រេចដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ របស់ក្រុមឧទ្ទាម សម រង្ស៊ី៕