Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ដចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន លើកទី២៥, កិច្ចប្រជុំ បានអនុម័តលើឯកសារសំខាន់ៗចំនួន៥

14-11-2019 13:02

(ហាណូយ-វៀតណាម)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៥ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះ មានលោក Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ជាប្រធាន និងលោក Dato Abdul Mutalib Yusof រដ្ឋមន្រ្តីដឹកជញ្ជូន និងទូរគមនាគមន៍ ប្រ៊ុយណេ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំផ្តោតសំខាន់ការពិភាក្សាលើ៖ ក៖ ការពង្រឹងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ, ខ៖ ការពង្រឹងការដឹកជញ្ចូនពហុរូបភាពអាស៊ាន សម្រាប់អ្នកដំណើរ និងទំនិញឆ្លងកាត់ព្រំដែន, គ៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងសម្ដៅធ្វើឲ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន, ឃ៖ ជំរុញការតភ្ជាប់ និងសមាហរណកម្មការដឹកជញ្ចូនតាមផ្លូវសមុទ្រ, ង៖ ការពង្រឹងភាពជាដៃគូដឹកជញ្ជូន ជាមួយដៃគូសន្ទនា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ គម្រោងអាទិភាព សម្រាប់ឆ្នាំ២០២០
*ទី២៖ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម (នឹងត្រូវចុះហត្ថលេខា ដោយរដ្ឋជាសមាជិកអាស៊ាន)
*ទី៣៖ ពិធីសារអនុវត្តទី១ ស្តីពីឧបករណ៍បណ្តុះបណ្តាលសាកល្បងការហោះហើរ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមក វិញ្ញាបនប័ត្រពហុនិកា
*ទី៤៖ ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការដឹកជញ្ជូនពហុរូបភាព និងផែនការសកម្មភាពតំបន់ នៃកិច្ចព្រមព្រៀង
*ទី៥៖ សេចក្តីថ្លែងការណ៍ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការដឹកជញ្ជូនពហុរូបភាព។

រដ្ឋមន្ត្រីអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ និងយោបល់លើវិធីឆ្ពោះទៅមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា៕