(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការធ្វើរដ្ឋប្រហារ ដោយបានចូលរួមឆាន់ និងហូបអំបុក ក្រោមបាវចនា អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ុង» នៅខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណ អរព្រះគុណ ចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់នូវរដ្ឋប្រហារមួយ ដែលប៉ុនប៉ងដណ្តើមអំណាច នៅថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ តាមរយៈការទទួលទាន ហូបអំបុក ក្រោមបាវចនា អំបុកខ្មែរថែរជាតិ សាសនា ព្រះមហាក្សត្រ»

សម្តេចមានប្រសាសន៍បន្តថា វាជារឿងចម្លែកណាស់ ដែលសារនយោបាយរបស់មេក្រុមឧទ្ទាម សម រង្ស៉ី ដែលបានផ្តល់ចេញមក នៅថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃចាប់សម្តេចដើម្បីយកទៅផ្តន្ទាទោស ឬនិរទេសឲ្យទៅនៅក្រៅប្រទេស ហើយខ្លួនចូលគ្រប់គ្រងអំណាចម្តង។ ដូច្នេះរាជរដ្ឋាភិបាល គ្មានជម្រើសអ្វីក្រៅពីការទប់ស្កាត់ ឲ្យខាងតែបានដោយគ្រប់វិធី ដើម្បីធានានូវសន្តិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សន្តិសុខមានសារៈសំខាន់ណាស់ ហើយព្រោះតែការមានសន្តិសុខនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

សម្តេចបញ្ជាក់ថា «សន្តិសុខ មានតម្លៃខ្លាំងណាស់ ដោយសារតែសន្តិសុខហើយទើប្រជាពលរដ្ឋរបស់យើង សប្បាយរីករាយនៅក្នុងពេលបុណ្យជាតិ ០៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១០-១១-១២ ខែវិច្ឆិកាកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំ មិននឹកស្មានថា សារនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបះបោរឡើង កម្លាំងប្រដាប់អាវុធបាញ់ទៅលើ ហ៊ុន សែន គេអាចធ្វើទៅរួច។ បើដូច្នោះជម្រើសរាជរដ្ឋាភិបាល ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែទប់ស្កាត់មិនអាចឲ្យអ្នកឯងធ្វើផ្តេសផ្តាសបានទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំពិតជាមានជំនឿជឿជាក់ ទៅលើប្រជាពលរដ្ឋរបស់យើង ដែលចង់រក្សាឲ្យខាងតែបាន នូវសន្តិភាពដែលរកបានដោយលំបាក»

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា ទម្រាំរកបានសុខសន្តិភាព គឺលំបាកខ្លាំងណាស់។ សម្តេចតេជោ រំលឹកថា ជំនាន់សម្តេច និងលោកយាយ លោកតា ជាពេលត្រូវការសប្បាយ ត្រូវការសិក្សារៀនសូត្រ តែត្រូវបាត់បង់អស់ព្រោះតែសង្គ្រាមទៅវិញ៕