(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានពន្លឿនការស្ថាបនាស្ពានថ្មើរជើងចំនួន ២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយ នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ខណៈដែលក្រុមការងារជំនាញចាប់ផ្តើមកំណត់ទីតាំងស្ថាបនា និងជីកដីយកទៅពិសោធន៍រួចរាល់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានថ្មើរជើងនៅតំបន់ ផ្សារដើមគរ និងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក ចាប់ពីសប្តាហ៍នេះទៅដើម្បីឲ្យទាន់ តាមផែនការក្នុងរយៈពេល ៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាស ថ្មើរជើងទំាង ២កន្លែងនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋ ចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។

លោកបានបន្តថា «គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារ ដើមគរក្រុមមន្រ្តីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយ ដូចជា ការកំណត់ទីតំាងការដ្ឋាន ការខួងដីយកទៅ ពិសោធន៍ និងការដោះស្រាយផលប៉ៈពាល់ជាមួយប្រជាពលរដ្ឋ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ អាចនឹងចុះកំណត់ទីតំាងស្ថាបនា នៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះនៅលើផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ»។

លោកអភិបាលបានបានអះអាងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់ ៥០ឆ្នាំឡើងទៅ ពិសេសការរចនា ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះ ទំាងកុមារ និងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លងកាត់បាន។

លោកអភិបាលរាជធានី បានឯកភាពសិក្សាស្ថាបនាឲ្យលឿន ហើយខួងដំណើរការភ្លាម ដើម្បីយើងដោះស្រាយផលប៉ះពាល់បន្ថែម ដើម្បីឈានទៅការសាងសង់ឲ្យបានលឿនព្រោះជាគម្រោង សាកល្បង មិនត្រឹមតែថ្នាក់ដឹកនាំចាំមើលនោះទេ ប្រជាពលរដ្ឋ ក៏ទន្ទឹងចង់បានស្ពានអាកាសថ្មើរជើងនេះដែរ ដើម្បីជាប្រយោជន៍សម្រាប់អ្នកថ្មើរជើងឆ្លងផ្លូវដោយសុវត្ថិភាព។

តំណាងក្រុមហ៊ុន ស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង ២កន្លែង នេះបានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង ២កន្លែងនេះឲ្យ ហើយតាមផែនការកំណត់ ហើយប្រកបដោយគុណភាព និងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕