(ភ្នំពេញ)៖ ពិតជាយីអ៊ុនដាក់អារក្ខជាន់មែន, ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកត្រូវបានគេវាស់ដីឱ្យដើរពីកន្លែងមួយទៅកន្លែងមួយទៀត ដោយសារតែជាប់ឈ្មោះក្នុង បញ្ជីខ្មៅនៃជនដែលមិនត្រូវស្វាគមន៍នៅលើទឹកដីនៃប្រទេសសមាជិកអាស៊ាន។ ប៉ុន្តែជនក្បត់ជាតិរូបនេះនៅតែមុខក្រាស់ដើរសុំអន្តរាគមន៍ពីគេពីឯង ដើម្បីបានចូលទៅប្រទេសនានា ក្នុងន័យបន្តភូតកុហកពលរដ្ឋខ្មែរមួយក្តាប់តូច ឬអ្នកគាំទ្ររបស់ខ្លួនដែលលង់ចាញ់ឧបាយកលជនក្បត់ជាតិ។

ការពិតតាមសំដីមនុស្សជំនិតរបស់លោក សម រង្ស៉ី បានរៀបរាប់ទម្លាយឲ្យដឹងថា៖ តាមផែនការគ្រោងទុកទណ្ឌិត សម រង្ស៉ី និងបក្ខពួក២នាក់ (លោក ម៉ែន សុឋាវរិន្ទ្រ និង តុប វ៉ាន់ចាន់) នឹងត្រូវធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅកាន់ឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដំបូងឡើយលោក សម រង្ស៉ី និងបក្ខពួកពីរនាក់ បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ​នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ដើម្បីត្រៀមខ្លួនទៅប្រទេសឥណ្ឌូនេស៊ី ដោយចេញដំណើរពីម៉ោង១៦៖២៥នាទី នឹងទៅដល់ឥណ្ឌូនេស៊ី នៅវេលាម៉ោង១៧៖៣០នាទីថ្ងៃដដែល តាមជើងហោះ MH723 គឺដូចនឹងអ្វីដែលលោក សម រង្ស៉ី បានបង្ហោះនៅលើ Twitter ផ្លូវការរបស់ខ្លួនថា «SamRainsy and two other arriving at Jakarta Soekarmo Hatta. International Airport (Terminal3) at 17:30 by MH723 (13 November)»។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះគឺនៅពេលលោក សម រង្ស៉ី បានធ្វើការ​ Check-In រួចហើយ បន្តចូលទៅផ្នែកអន្តោប្រវេសន៍ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ី
បញ្ជាក់ប្រាប់ថា មិនអនុញ្ញាតឲ្យចូលទៅកាន់យន្តហោះ ដើម្បីធ្វើដំណើរពីម៉ាឡេស៊ី ទៅឥណ្ឌូនេស៊ី ទេ ពីព្រោះអាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឲ្យចូលទឹកដីរបស់គេ។ ចំណុចនេះគឺដូចទៅហ្នឹងអ្វីដែលសារព័ត៌មានធំៗរួមមាន Reuter ចេញផ្សាយដោយដាក់ចំណងជើងថា «Indonesia barred Cambodia's Rainsy from flight to Jakarta» សារព័ត៌មាន The Straits Times ក៏ដាក់ចំណងជើងថា៖ «Indonesia ordered Cambodia's Sam Rainsy barred from flight» ព្រមទាំងមានសារព័ត៌មានធំៗផ្សេងៗដូចជា Kyodo News, Channel News Asia...។ល។

សូមបន្តថា​ ក្រោយពីអាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឲ្យចូលទឹកដីខ្លួន, នៅពេលនោះលោក សម រង្ស៉ី ត្រូវបានមន្រ្តីអន្តោរប្រវេសន៍ម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិម៉ាឡេស៊ី បាននាំរូបលោក សម រង្ស៉ី ទៅកាន់បន្ទប់ការិយាល័យអន្តោរប្រវេសន៍ក្នុងអាកាសយានដ្ឋាន ដើម្បីជជែក និងដោះស្រាយអំពីការធ្វើដំណើរ ឬក៏ធ្វើដំណើរទៅប្រទេសផ្សេងវិញ ព្រោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ហាមឃាត់មិនឲ្យជាន់ទឹកដីរបស់គេ។

ដោយសាររដ្ឋាភិបាលឥណ្ឌូនេស៊ីបិទមិនឲ្យចូល, លោក សម រង្ស៉ី ក៏សម្រេចចិត្តដូរជើងហោះហើរដោយនឹងធ្វើដំណើរពីម៉ាឡេស៊ី ទៅកាន់ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ វិញនៅម៉ោង ២៣៖៥០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែល តាមជើងហោះលេខ KLM810។ ក្នុងអំឡុងពេលរង់ចាំអស់ជាច្រើនម៉ោងនៅការិយាល័យ អន្តោរប្រវេសន៍ នៅក្នុងព្រលានយន្តហោះកូឡាឡាំពួរ លោក សម រង្ស៉ី​ បានរកលេសសុំអន្តរាគមន៍ពីគ្រប់ទិស និងជាច្រើននាក់ ទាំងពីខាងតំណាងរាស្រ្តម៉ាឡេស៊ីផង និងទាំងខាងសិទ្ធិមនុស្សផង ព្រមទាំងស្ថាប័នផ្សេងៗទៀត ដើម្បីឲ្យបានចូលទឹកដីឥណ្ឌូនេស៊ី, នៅទីបំផុតរដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានអនុញ្ញាតឲ្យចូលទឹកដីរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថាចូលឥណ្ឌូនេស៊ីក្នុងលក្ខណៈជាអ្វីនោះទេ។

ក្រោយពីទទួលបានសិទ្ធិចូលប្រទេសឥណ្ឌូនេស៊ីវិញ នៅម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៣ ខែវិច្ឆិកា​។ សម រង្ស៉ី ក៏បានសម្រេចចិត្តប្តូរជើងហោះពីម៉ាឡេស៊ី ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ដោយចាប់ផ្តើមហោះហើរពីម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នឹងទៅដល់នៅ ម៉ោង១០៖១០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាដដែល។ ទាំងនេះគឺដូចទៅនឹងអ្វីដែលលោក សម រង្ស៉ី បានបង្ហោះសារនៅលើ Facebook ថា ថ្ងៃទី១៤ ខែវិច្ឆិកា ម៉ោង១០៖១០នាទី លោក និងបក្ខពួកពីរនាក់ទៀត នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិរបស់ឥណ្ឌូនេស៊ី​ តាមរយៈជើងហោះហើរលេខ MH711 ។

ពាក់ព័ន្ធនឹងចំណុចនេះ យើងសូមទាញការចាប់អារម្មណ៍ថា លោក សម រង្ស៉ី បង្ហោះសារថា «ពួកយើងខកខានជើងហោះហើរពីកូឡាឡំាពួរនៅរសៀលនេះ, ប៉ុន្តែពួកនឹងប្រើប្រាស់ជើងហោះហើរថ្មីទៀត ដោយនឹងទៅដល់អាកាសយន្តហោះ Jakarta នៅម៉ោង១០៖១០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ «We missed our flight from Kuala Lumpur this afternoon but will catch another flight tomorrow morning for Jakarta. Will arrive at Jakarta Soekarno Hatta International Airport at 10:10 am by flight MH711.»។

ក្នុងន័យនេះលោក សម រង្ស៉ី បានបន្តបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា «ខ្លួននិងបក្ខពួកបានខកជើងហោះហើរពីម៉ាឡេស៊ី ទៅឥណ្ឌូនេស៊ី» តែតាមការពិតលោក សម រង្ស៉ី និងបក្ខពួក ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីហាមមិនអនុញ្ញាតឲ្យហោះចូលទឹកដីរបស់គេ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកានេះទណ្ឌិត សម រង្ស៉ី កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី នៅឡើយ ដូច្នេះយើងនឹងតាមដានទាំងអស់គ្នា អំពីជើងហោះហើររបស់ សម រង្ស៉ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាជាបន្តទៀត៕