(ភ្នំពេញ)៖ ទូកចែវនារី «ព្រះពៃស្រពណ៍» ដែលជាទូកទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងជាទូកដែលធ្លាប់ទទួលបានជ័យលាភីលេខ១ ចំនួន ១៩លើក និងលេខ២ ចំនួន២ លើករួចមកហើយនោះ, នៅក្នុងឆ្នាំ២០១៩នេះ បានបន្តរក្សាដំណែងទទួលបានលេខ១ បន្តទៀតហើយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលបានរៀបចំឡើងរយៈពេលពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

លោក អ៊ីវ ច្រេន ប្រធានគណៈកម្មការទូកចែវនារី «ព្រះពៃស្រពណ៍» បានឱ្យដឹងថា ទូកចែវនារី «ព្រះពៃស្រពណ៍» បានចាប់កំណើតតាំងពីឆ្នាំ១៩៩១ ហើយបានចូលរួមប្រកួត ប្រណាំងទូកនៅក្នុងរាជធានីភ្នំពេញ ចាប់ពីពេលនោះមករហូតមកដល់ ឆ្នាំ២០១៩នេះ ទទួលបានជ័យជំនះយ៉ាងធំធេង ដោយទទួលបានពានរង្វាន់លេខ១ ចំនួន ២០ពានរង្វាន់, លេខ២ ចំនួន ២ពានរង្វាន់ និងទទួលបានពានរង្វាន់ ផ្នែកសោភណ្ឌភាពចំនួន ៤ពានរង្វាន់ផងដែរ។

លោក អ៊ីវ ច្រេន បានបញ្ជាក់ទៀតថា ក្រោយការជួយឧបត្ថម្ភពីសហភាពអឺរ៉ុប ក្នុងការជួយជួសជុលទូក ម្ហូបអាហារហាត់សម និងប្រកួតរយៈពេល ៥ថ្ងៃ ជាមួយនឹងថវិកា ១០,៣០០ដុល្លារ បានធ្វើឱ្យទូកចែវនារី «ព្រះពៃស្រពណ៍» បានដំណើរការយ៉ាងល្អ និងមានល្បឿនលឿនផ្តាច់គេ ជាមួយទូកដែល ប្រកួតជាគ្នា ដោយក្នុងជើងទី១ បានយកឈ្នះដាច់ប្រវែង ១០០ម៉ែត្រ ជើងទី២ បានយកឈ្នះដាច់ប្រវែងជាង ២០០ម៉ែត្រ និងជើងទី៣ បានយកឈ្នះដាច់ប្រវែងប្រមាណ ៣០០ម៉ែត្រ ដែលបានធ្វើឱ្យទូកចែវនារី «ព្រះពៃស្រពណ៍» អាចបន្តរក្សាតំណែងលេខ១ ជាលើកទី២០ នៅក្នុងឆ្នាំ២០១៩នេះផងដែរ។

ប្រធានគណៈកម្មការទូកចែវ នារីរូបនេះ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ទូក «ព្រះពៃស្រពណ៍» ក៏ដូចជាយកចិត្តទុកដាក់ជួយថែរក្សាប្រពៃណីខ្មែរ ដើម្បីបន្សល់ទុកឱ្យក្មេងៗ ជំនាន់ក្រោយបានស្គាល់បន្តទៀត ដោយលោកបានបន្តស្នើរសុំឱ្យសហភាពអឺរ៉ុប បន្តជួយឧបត្ថម្ភគាំទ្រដល់ទូកចែវនារី «ព្រះពៃស្រពណ៍» នេះ ឱ្យបានជារៀងរហូតតទៅ មុខទៀតផងដែរ។

សូមបញ្ជាក់ថា តំណាងស្ថានទូតអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានចុះជួបសំណោះសំណាលជាមួយកីឡាការិនីទូកស្ត្រី ដែលមានឈ្មោះថា «ទូកព្រះពៃស្រពណ៍» ក្នុងវត្តព្រះពៃស្រពណ៍ ខេត្តកំពង់ឆ្នាំង និងនាំយកសម្ភារមួយចំនួន ដូចជា៖ អាវយឺត មួក និងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ក្នុងអំឡុងពេលហាត់សម និងពេលចូលរួមប្រណាំងទូក ក្នុងព្រះរាជពីធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញដោយបានចូលរួមឧបត្ថម្ភថវិកា ១០,៣០០ដុល្លារ។

ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា ការឧបត្ថម្ភដល់ទូលចែវនារី «ព្រះពៃស្រពណ៍» នៅឆ្នាំ២០១៩ គឺដើម្បីជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រប្រពៃណីវប្បធម៌ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលទាក់ទាញប្រជាជនរាប់លាននាក់មករាជធានីភ្នំពេញ ព្រមទាំងដើម្បីជួយលើកទឹកចិត្តនារីកម្ពុជា នៅ មូលដ្ឋានពួកគាត់ជួយលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជាផងដែរ។

អាវយឺតដែលពួកគាត់ពាក់ ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកនេះ នឹងជួយជំរុញបុព្វហេតុសមភាពយេនឌ័រថែមទៀត ដោយបានសរសេរឃ្លាជាច្រើន ដែលជាសារពីសហភាពអឺរ៉ុបថា «និយាយថាទេ ចំពោះអំពើហិង្សាលើស្ត្រី» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីភាពជាដៃគូ» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីសមភាពយេនឌ័រ» «សហភាពអឺរ៉ុប និងកម្ពុជា ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី» «សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកេរតំណែលវប្បធម៌»