(សៀមរាប)៖ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ នៅខេត្ដសៀមរាប មានជាង ២៧ម៉ឺននាក់ ដោយបានថយចុះជាងឆ្នាំ២០១៨ ប្រមាណជាង១៣ភាគរយ។

របាយការណ៍ដដែល បានបន្ថែមថា ព្រឹត្តិការណ៍ព្រះ រាជពិធី បុណ្យជាតិ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ សរុបប្រមាណជាង ២៥ម៉ឺននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៥ ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២៦,៥៧៧នាក់ មានការថយចុះ ១៣,០៤%។

ប៉ុន្ដែទោះជាមានការធ្លាក់ចុះ នៃភ្ញៀវទេសចរណ៍ នៅឆ្នាំនេះក៏ដោយ តែព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីបនៅខេត្ដសៀមរាបនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេល ៤ថ្ងៃនេះ។ ជាមួយគ្នានោះ ពិធីប្រណាំងទូក «ង» នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានការចូលរួមពីភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ ហើយប្រជាពលរដ្ឋលើកឡើងថា ព្រឹត្ដិការណ៍នេះ បង្កភាពសប្បាយរីករាយ និងមានការរៀបចំបានល្អប្រសើរទាំងបរិស្ថានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ។ ជាពិសេសនៅការរៀបចំសោភណភាព នៅកន្លែងពិធី។

ពួកគាត់ បានបន្ដថា ការតុបតែង ព្រះរាជពិធីបុណ្យកាន់តែមានភាពរីកចំរើន និងមានភាពទាក់ទាញពីអ្នកទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការថែរក្សាបរិស្ថាន បានល្អដែលបង្ហាញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន។

នៅពេលរាត្រី ក៏បានតុងតែង លម្អរដោយភ្លើងចម្រុះពណ៌គ្រប់ប្រភេទ ការប្រគុំតន្ដ្រីការតាំងពិពិរណ៍ជាដើម ធ្វើឱ្យទាក់ភ្នែកអ្នកទេសចរណ៍បាន ទៅកំសាន្ដ ហើយចង់ទៅទស្សនាម្ដងទៀត ដោយមិនជិនណាយ។ ពួកគាត់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ មានការអភិវឌ្ឍន៍ទៅមុខជាប់ជានិច្ច។

លោកបញ្ជាក់ថា ជាក់ស្តែងរយៈពេល៣ថ្ងៃនេះ (១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩) នៃការឈប់សំរាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ សប្បាយតាមរមណីយ៍ដ្ឋានៗនានា ឃើញមានភ្ញៀវចូលមកកំសាន្តច្រើន ប្រកបដោយភាពសប្បាយរីករាយ ពុំមានអ្វីគួរឲ្យព្រួយបារម្មណ៍ឡើយ ហើយក្នុងឆ្នាំនេះមានភ្ញៀវទេសចរជាតិ កើនឡើងបើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨។ ចំពោះចំណីម្ហូបអាហារ តាមរមណីយ៍ដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មិនមានអ្វីកែប្រែឡើយ តម្លៃសមរម្យដូចរាល់ថ្ងៃ មិនមានការតំឡើងថ្លៃនោះទេ៕